ប្រទេសចិន៖ ក្នុងប្រទេសនីមួយៗតែងតែមានប្រពៃណីទំនៀមទំលាប់ សម្រាប់ប្រជាជន ក្នុងការប្រតិបិត្តតាមដោយខានមិនបាន ក្នុងនោះផ្សាភ្ជាប់ជាមួយនឹងប្រពៃណីរបស់ពួកគេគឺដើម្បីបង្ហាញនូវឥទ្ធិពល អំណាច សម្រស់ ភាពអង់អាចក្លាហាន និងអត្ថន័យផ្សេងៗជាច្រើនទៀតទៅតាមតំបន់ ប៉ុន្តែប្រពៃណីមួយចំនួនបានផ្ដល់ផលប៉ះពាល់ឈឺចាប់ផ្នែករាងកាយ និងផ្លូវចិត្តផងដែរ។

ទាក់ទងនឹងប្រពៃណីខាងលើងាកមកកាន់ប្រទេសចិន ដែលជាប្រទេសកំពុងតែរីកចម្រើន និងជាប្រទេសពោពេញទៅដោយប្រពៃណីទំនៀមទំលាប់ វប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍តាំងពីបុរាណកាលមក ក្នុងនោះក៏សូមបង្ហាញនូវប្រពៃណីមួយប្រភេទដែលបានកើតឡើងនៅដើមសតវត្សទី១០ក្នុងសម័យរាជ្យវង្សថាងខាងត្បូង ផ្ដើមចេញពីនារីអ្នកបំរើម្នាក់ចង់ផ្គាប់ចិត្តព្រះចៅអធិរាជ្យ ដូច្នេះក៏យកក្រណាត់សូត្រមកចងជើងខ្លួនឯងជាប់រហូតដើម្បីឱ្យជើងមានរាងស្លីមស្អាតពេលរាំថ្វាយឱ្យព្រះចៅអធិរាជ្យ ការធ្វើបែបនេះព្រះចៅអធិរាជ្យពិតជាមានការពេញចិត្តជាខ្លាំង រហូតវាបានក្លាយទៅជាការពេញនិយមសម្រាប់ក្មេងស្រីក្នុងសម័យនោះជាច្រើន ព្រោះពួកគេយល់ថាអ្នកដែលបានយកក្រណាត់មករុំជើងឱ្យមានរាងតូចស្លីម និងមានទម្រង់ដូចជាផ្កាឈូក គឺជាសញ្ញាថាជានារីមកពីគ្រួសារអភិជន និងអ្នកមានអំណាច ព្រមទាំងជាមនុស្សថ្លៃថ្នូរម្នាក់ បន្ទាប់មកស្ត្រីទាំងនោះនឹងក្លាយជាទីចាប់អារម្មណ៍របស់បុរសទាំងពួង ព្រមទាំងជាឱកាលក្នុងការរកគូស្រករដ៏ល្អម្នាក់ផងដែរ រហូតវាបានសាយភាយទៅកាន់គ្រប់ទិសទីនៃប្រទេសចិនទាំអស់ក្នុងសម័យនោះ។

ការរឹត និង រុំជើងបែបប្រពៃណីនេះភាគច្រើនគេបានអនុវត្តចំពោះក្មេងស្រីអាយុចាប់ពី ៤ទៅ ៧ឆ្នាំ ព្រោះតែឆ្អឹងពួកគេខ្ចីងាយស្រួលបង្អាក់ការលូតលាស់បាន ដោយការចាប់ផ្ដើមរុំជើងនឹងក្រណាត់សូត្រនេះពួកគេត្រូវរើសថ្ងៃខែល្អទើបធ្វើបាន ភាគច្រើនរើសធ្វើក្នុងរដូវស្លឹកឈើជ្រុះ។ ការរុំជើងនេះគេតម្រូវឱ្យរុំរហូរជើងមានទំហំប្រវែង ៣ ទៅ ៥ អ៊ីញតាមស្ដង់ដា ហើយឈ្មោះនៃការហៅជើងនេះគឺទៅតាមទំហំផងដែរ បើសិនរឹតជើងបានតូចរហូរដល់ ៣អ៊ីញចុះក្រោម គេហៅឈ្មោះថា “ផ្កាឈូកមាស” តែបើរឹតជើងបានត្រឹមតែ៤ អ៊ីញឡើង គេហៅឈ្មោះថា”ផ្កាឈូកប្រាក់” និង “ផ្កាឈូកស្ពាន់” ។

ក្នុងពេលជាមួយគ្នានេះដែរវាក៏នាំមកនូវការឈឺចាប់ក្នុងជីវិតប្រចាំថ្ងៃរបស់ក្មេងស្រីទាំងនោះ ព្រោះជាញឹកញាប់ការចងជើង ទំនងជាមានផល់លំបាកដល់ជីវិតស្ត្រីចិនជាច្រើននាក់ ដោយសារតែពិបាកធ្វើចលនា ហើយមេរោគប្រមូលផ្តុំនៅលើជើងជាច្រើនបណ្ដាលមកពីកង្វះនូវអនាម័យ និងការយកចិត្តទុកដាក់ រហូតដល់មានការឆ្លងមេរោគក្នុងចរន្តឈាម មិនតែប៉ុណ្ណោះគេបានរកឃើញថាក្រចកជើងដែលត្រូវដុះចេញនឹងទៅបង្កប់ក្នុងជើងបណ្ដាលឱ្យឆ្លងមេរោគ និងស្លាប់ជាយថាហេតុផងដែរ។

បន្ទាប់ពីប្រពៃណីមួយនេះបានជ្រាបចូលទៅក្នុងផ្នត់គំរបស់នារីៗចិនអស់រយៈពេល១០០០ឆ្នាំហូរដល់សម័យរាជ្យវង្ស Oing ក៏មានវប្បធម៌ប៉ែកអឺរ៉ុបបានជ្រាបចូលក្នុងប្រទេសចិន ហើយប្រពៃណីនៃការរុំជើងឱ្យតូចនេះក៏បានសាបរលាប និងធ្លាក់ចុះប្រជាប្រិយភាពបន្តិចម្ដងៗ បុរសៗក៏លែងចាប់អារម្មណ៍នឹងស្ត្រីមានជើងបែបនេះ។ បន្ថែមពីនោះគេយល់ថាការធ្វើបែបនេះជារឿងហួសសម័យ និង មានភាពមិនស្រស់ស្អាត មិនតែប៉ុណ្ណោះគេចាប់ទុកថាជារឿងព្រៃផ្សៃ ហាក់ដូចជាការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើស្ត្រី រហូតដល់សតវត្សទី២០ អាជ្ញាធរបានចេញច្បាប់ហាមមិនឱ្យមានប្រពៃណីនេះកើតឡើងនោះទេ បើហ៊ានប្រព្រឹត្ត និងត្រូវផ្តន្ទាទោសតាមច្បាប់៕ ប្រភព៖ ​Sanook