យល់ដឹង៖ ទំនាក់ទំនងស្នេហាដែលជោគជ័យ វាអាស្រ័យទៅលើកត្តាជាច្រើន ក្នុងការថែរក្សានូវសម្ព័ន្ធភាពឱ្យគង់វង្សសម្រាប់ដៃគូស្នេហាដែលបានសម្រេចចិត្តទទួលយកគ្នាជាគូអនាគតដើរលើផ្លូវតែមួយជាមួយគ្នាបានយូរអង្វែង។

ថ្ងៃនេះយើងមាននូវអាថ៌កំបាំងមួយចំនួនដើម្បីបង្ហាញទៅកាន់គូស្នេហ៍ដែលចង់បានទំនាក់ទំនងស្នេហាយូរអង្វែងក្នុងជីវិតគូរបស់អ្នក៖

១. កុំលះបង់ច្រើនពេក

ស្នេហាគឺជាការលះបង់ ពិតណាស់អ្នកគ្រប់គ្នាតែងតែឮនូវពាក្យមួយនេះ ប៉ុន្តែចង់ប្រាប់អ្នកថាការលះបង់ជ្រុលពេក និងជាពិសេសនៅពេលដែលយើងលះបង់តែម្ខាង ធ្វើបែបនេះវានឹងក្លាយទៅជាទម្លាប់ដែលធ្វើឱ្យភាគីម្ខាងទៀតមិនឃើញពីសារៈសំខាន់នៃការលះបង់របស់យើងឡើយ យូរទៅវានឹងធ្វើឱ្យអ្នកហត់នឿយ ហើយក្លាយជាជម្លោះ ព្រោះយល់ថាខ្លួនលះបង់តែម្ខាងទៅកាន់គេ ដូច្នេះអ្នកគួរតែចេះរៀនលះបង់តែរឿងមួយចំនួនដែលយល់ថាវាមិនជ្រុលពេក និងលះបង់រហូតអស់តម្លៃពីខ្លួននោះទេ។

២. កុំធ្វើឱ្យស្នេហារបស់អ្នកមានលក្ខខណ្ឌ

ពិតណាស់គូស្នេហ៍និមួយៗចូលចិត្តប្រើពាក្យថា “បើអ្នកស្រឡាញ់ខ្ញុំ អ្នកត្រូវផ្លាស់ប្ដូរ  និងកែប្រែដើម្បីខ្ញុំ ” ពាក្យនេះពិតជាល្អណាស់ តែបើសិនជាប្រើសម្រាប់ដៃគូស្នេហាច្រើនដង និងឱ្យផ្លាស់ប្តូរច្រើនចំណុចដែលជាខ្លួនរបស់គេ វាហាក់ដូចជាការបង្ខំ និងបង្គាប់បញ្ជាជ្រុលពេក ចុងក្រោយក៏ក្លាយជារឿងដ៏គួរឱ្យធុញទ្រាន់ចំពោះទំនាក់ទំនងនេះ ព្រោះស្នេហាពិតគឺជាការកែតម្រូវ និង ការទទួលយកនូវអ្វីគ្រប់យ៉ាងដែលជារូបគេ។

៣. កុំគេចវេសជាមួយនឹងជម្លោះដែលបានកើតឡើង

ជាការពិតណាស់ដៃគូស្នេហា នៅពេលដែលមានជម្លោះជាមួយគ្នាតែងតែ គេចវេស និងមិនប្រឈមមុខដាក់គ្នានោះទេ ព្រោះភាគច្រើនគេយល់ថាការដើរចេញទៅឆ្ងាយ និងនៅស្ងៀមបន្ទាប់ពីឈ្លោះគ្នាវាអាចជួយឱ្យរឿងរ៉ាវស្ងប់ និងប្រសើរទៅវិញ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថាវានឹងនាំឱ្យទំនាក់ទំនងរបស់អ្នកកាន់តែឃ្លាតឆ្ងាយ ដូច្នេះនៅពេលដែលមានបញ្ហាណាមួយរវាងអ្នកទាំងពីរគួរតែនិយាយគ្នា ដោះស្រាយ និងប្រឈមមុខដាក់គ្នាដោយចិត្តត្រជាក់ ហើយស្វែងរកនូវដំណោះស្រាយជាមួយគ្នាកុំឱ្យយល់ច្រឡំបន្តទៅទៀត។

៤. កុំបាត់បង់ខ្លួនឯងក្នុងទំនាក់ទំនងនេះ

ពាក្យថា “រូបពីរជីវិតមួយ” ស្ដាប់ទៅពិតជាកក់ក្ដៅ និងជាស្នេហាដែលប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ប៉ុន្តែនៅក្នុងទំនាក់ទំនងពិតវាប្រហែលជាមិនមែនជារឿងល្អនោះទេ អ្នកត្រូវចាំថាការស្រឡាញ់នរណាម្នាក់ក៏ត្រូវតែបែងចែកជាភាគរយសម្រាប់ដៃគូ និងខ្លួនឯងដែរ កុំបោះបង់សេរីភាព និងសិទ្ធដែលខ្លួនត្រូវប្រើ កុំឱ្យស្នេហានាំមុខ ត្រូវធ្វើជាខ្លួនឯង មិនមែនជីវិតយើងឱ្យគេអ្នកសម្រច និងគ្រប់គ្រងទាំងស្រុងនោះទេ។

ជាចុងក្រោយដូចដែលបានរៀ​បរាប់ខាងលើនេះ មិនមែនជារូបមន្ត ឬជាអាថ៌កំបាំងទាំងស្រុងក្នុងការធ្វើឱ្យស្នេហារបស់អ្នកមានភាពជោគជ័យ និងយូរអង្វែងនោះទេ តែវាមានកត្តា និងវិធីផ្ទាល់ខ្លួនជាច្រើនផ្សេងទៀត ដែលអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងទំនាក់ទំនងស្នេហារបស់អ្នកក្នុងពេលបច្ចុប្បន្ន៕ ប្រភព៖Sanook