រដ្ឋធានីញូវដេលី៖ នាយករដ្ឋមន្រ្ដីឥណ្ឌា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានជួបចរចាគ្នាតាមទូរស័ព្ទ ជាមួយសមភាគីចក្រភពអង់គ្លេស ដើម្បីពិភាក្សាគ្នា ជុំវិញស្ថានការណ៍កំពុងតែវិវឌ្ឍទៅមុខយ៉ាងក្ដីគគុក នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ថា នៅក្នុងជំនួបចរចាគ្នា តាមទូរស័ព្ទ កាលពីថ្ងៃអង្គារ នោះ លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា និង សមភាគីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានពិភាក្សាគ្នា ជុំវិញស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារសង្រ្គាមដ៏ឃោរឃៅនេះ បានអូសបន្លាយ អស់រយៈពេល២៧ថ្ងៃកន្លងមកហើយ។ នាយករដ្ឋមន្រ្ដីឥណ្ឌា បានរំឭកឡើងវិញនូវការអំពាវនាវរបស់ក្រុងញូវដេលី ដើម្បីជំរុញឲ្យបញ្ឈប់នូវអរិភាព និង ការវិលត្រឡប់ទៅរកកិច្ចសន្ទនា និង ដោះស្រាយគ្នា តាមរយៈការទូត រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

លោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា បានសង្កត់ធ្ងន់ថា ឥណ្ឌាជឿជាក់ លើការគោរពច្បាប់អន្តរជាតិ និង បូរណភាពទឹកដី នៃរដ្ឋទាំងអស់ ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហៅកាត់ UN។

ជាមួយគ្នានេះ មេដឹកនាំទាំង២ បានព្រមព្រៀងគ្នា ថា បូរណភាព និង អធិបតេយ្យភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន ត្រូវតែគោរព… ហើយ រុស្ស៊ី ចាំបាច់ត្រូវតែគោរព តាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ការគោរពច្បាប់អន្តរជាតិ ក៏ជាមធ្យោបាយតែមួយគត់ សម្រាប់ធានាដល់សន្តិភាព និង វិបុលភាពរបស់ពិភពលោក។

ឥណ្ឌា និង ចក្រភពអង់គ្លេស បានសម្រេចថា គួរតែបង្កើននូវកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សន្តិភាព និង ការកាត់បន្ថយនូវការកើនឡើង នៃភាពតានតឹង។ ជំនួបរវាងនាយករដ្ឋមន្រ្ដីឥណ្ឌា និង ចក្រភពអង់គ្លេស បានកើតឡើង ក្រោយពេលពិភពលោក មើលឃើញថា ក្រុងញូវដេលី ហាក់បីដូចជា ស្ថិតក្នុងភាពស្ងៀមស្ងាត់ មិនមានការថ្កោលទោស ចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

ឥណ្ឌា ក៏ជាសមាជិកមួយ ស្ថិតក្នុងចំណោមប្រទេស នៃកិច្ចចរចាសន្ដិសុខចតុភាគី ឬ ខ្វាដ (Quad) រួមមាន សហរដ្ឋអាមេរិក ជប៉ុន និង អូស្រ្ដាលី។ ប៉ុន្ដែមុនដំបូង ក្រុងញូវដេលី បានស្ថិតក្នុងភាពស្ងៀមស្ងាត់ មិនបានបញ្ចេញសារណាមួយ រិះគន់ចំៗ ចំពោះការឈ្លានពានរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន នោះឡើយ។ សកម្មភាពដ៏ប្រុងប្រយ័ត្នរបស់ឥណ្ឌា ក៏ដោយសារតែក្រុងញូវដេលី គិតពីផលប្រយោជន៍ និង ការប្រឈមុខនឹងគ្រោះថ្នាក់ដល់ប្រជាជាតិរបស់ខ្លួន នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចបច្ចិមលោក និង ក្រុងមូស្គូ។

ឥណ្ឌា ក៏ជាអ្នកទិញនូវគ្រឿងយុទ្ធោបករណ៍ទំនើបៗដ៏ធំបំផុតមួយ រួមទាំង ប្រព័ន្ធការពារដែនអាកាស ពីរុស្ស៊ី សម្រាប់យកមកការពារប្រទេសរបស់ខ្លួន ទប់ទល់នឹងប្រទេស ដែលមានអាវុធមហាប្រល័យលោក ដែលមានព្រំដែនជាប់គ្នា រួមមាន ប៉ាគីស្ថាន និង មហាយក្សចិន។ ដោយឡែក នៅក្នុងជម្លោះ នៅតំបន់កាស្មៀរ កាលពីពេលកន្លងទៅ រុស្ស៊ី ក៏ធ្លាប់បោះឆ្នោតវេតូ គាំទ្រជួយដល់ក្រុងញូវដេលី ផងដែរ។ ប៉ុន្ដែអ្វីដែលសំខាន់នោះ ឥណ្ឌា នៅតែចង់ឲ្យមានទំនាក់ទំនងការទូតល្អ ទាំងជាមួយនឹងមហាអំណាចបច្ចិមលោក និង ក្រុងមូស្គូ។

ជាមួយគ្នានេះ ឥណ្ឌា បានរក្សាជំហរអព្យាក្រឹត ចំពេលមានជម្លោះ រវាងរុស្ស៊ី និង អ៊ុយក្រែន។ ក្រុងញូវដេលី មិនបានថ្កោលទោស ជុំវិញការវាយលុកឈ្លានពានរបស់ក្រុងមូស្គូ នោះឡើយ ហើយបានបោះឆ្នោតអនុបវាទ នៅក្នុងក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងវិបត្ដិអ៊ុយក្រែន នេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុងញូវដេលី នៅតែជំរុញម្តងហើយ ម្តងទៀត ដោយទាមទារឲ្យបណ្តាប្រទេសទាំងអស់ ពាក់ព័ន្ធនឹងជម្លោះនេះ ត្រូវវិលត្រឡប់ ទៅស្វែងរកផ្លូវដោះស្រាយ តាមកិច្ចសន្ទនា និង ការទូតវិញ ព្រោះវាជាជម្រើសដ៏ល្អបំផុត ដើម្បីបញ្ចប់សង្គ្រាមនេះ៕