រដ្ឋធានីអ៊ិស្លាមបាដ៖ ក្រុមមេទ័ពកំពូលៗជាច្រើននាក់របស់ប៉ាគីស្ថាន បានស្នើសុំឲ្យនាយករដ្ឋមន្រ្ដីរបស់ខ្លួន លាឈប់ពីតំណែង ហើយសំណើនេះ បានកើតឡើង ក្រោយពេលបញ្ចប់នូវកិច្ចប្រជុំ នៃអង្គការសហប្រតិបត្ដិការអ៊ិស្លាម ហៅកាត់ OIC រយៈពេល២ថ្ងៃ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ថា ក្រុមឧត្ដមសេនីយ៍យោធាប៉ាគីស្ថាន ដឹកនាំ ដោយមេទ័ពកំពូល លោកឧត្ដមសេនីយ៍ ហ្គាម៉ា ចាវ៉េដ បាច្វា (Qamar Javed Bajwa) បានស្នើសុំឲ្យលោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្រ្ដី ចុះចេញពីតំណែង។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ាគីស្ថាន បានផ្សាយថា ការសម្រេចចិត្ត ទាមទារឲ្យលោក Imran Khan ចុះចេញពីតំណែងនេះ បានធ្វើឡើង ដោយលោកឧត្ដមសេនីយ៍ Bajwa មេទ័ពកំពូល និង ឧត្តមសេនីយ៍ឯក ចំនួន៣នាក់ផ្សងទៀត បន្ទាប់ពីមេទ័ពប៉ាគីស្ថាន និង ប្រធានអង្គភាពអន្តរកម្មចារកម្ម (ហៅកាត់ ISI) លោក ណាឌីម អែនជុម ( Nadeem Anjum) បានជួបជាមួយលោក Imran Khan នាយករដ្ឋមន្រ្ដីរបស់ខ្លួន។

សារព័ត៌មាន India TV បានដកស្រង់ប្រភពព័ត៌មាន រាយការណ៍ ថា បើទោះជាកងទ័ពប៉ាគីស្ថាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ថា ពួកគេបានពិភាក្សា អំពី «បញ្ហាជាតិ បញ្ហាតំបន់ និងផលប្រយោជន៍ទៅវិញទៅមក» យ៉ាងណាក្ដី តែកិច្ចកិច្ចប្រជុំនោះ ក៏និយាយ អំពីការបោះឆ្នោត មិនផ្ដល់ទំនុកចិត្ត លើលោក Imran Khan នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន ដែលកំពុងតែព្យាយាមរារាំង ដោយប្រើមធ្យោបាយ «ខុសច្បាប់»។

លោក Imran Khan នាយករដ្ឋមន្រ្ដី បានជួបមេទ័ព លោក Bajwa កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយជំនួបនោះ ក៏ត្រូវបានគេរាយការណ៍ អំពីការវិវឌ្ឍន៍ស្ថានការណ៍នយោបាយ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កាលពីពេលថ្មីៗកន្លងមក។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ថា របៀបវារៈ អាចរួមបញ្ចូលទាំងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្ដិការអ៊ិស្លាម ហៅកាត់ OIC និង ភាពចលាចល ដែលកំពុងតែបន្តកើនមានឡើង នៅក្នុងខេត្តបាឡូជីស្ដាន (Balochistan) និង សកម្មភាពគ្មានទំនុកចិត្ត ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Imran Khan ។

ទោះជាយ៉ាងណា ដើម្បីដកហូតនូវសេចក្ដីទុកចិត្ត លើរដ្ឋាភិបាល ដឹកនាំដោយលោក Imran Khan នោះ គណបក្សប្រឆាំងត្រូវតែទទួលបានសំឡេងគាំទ្រយ៉ាងតិច១៧២ នៅក្នុងចំណោម៣៤២សំឡេង។ ដោយឡែក សមាជិកសភាជាង១០នាក់ បានគំរាមកំហែង ដោយចំហថា ពួកគេ ចេញមុខប្រឆាំងនឹងលោក Imran Khan នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន៕