អន្តរជាតិ៖ ក្រុមអ្នកជួយសង្គ្រោះ និង អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដជាច្រើននាក់ទៀត ត្រូវបានបញ្ជូលទៅដល់កន្លែងធ្លាក់យន្តហោះ កាលពីយប់ថ្ងៃច័ន្ទ​ ដើម្បីប្រតិបត្តិការជួយសង្គ្រោះករណី«ធ្លាក់យន្តហោះ»នៅខេត្តក្វាងស៊ី ខណៈចំនួនអ្នកស្លាប់មិនទាន់ប្រកាសឱ្យដឹងនៅឡើយនោះទេ។ នេះបើយោងតាមប្រភពសារព័ត៌មាន Dailymail

ជាមួយគ្នានេះដែរ ក្រុមហ៊ុន China Eastern បានបញ្ជាក់ថា មានអ្នកស្លាប់ បន្ទាប់ពីយន្តហោះដឹកមនុស្ស ១៣២ នាក់ បានធ្លាក់លើភ្នំមួយនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃចន្ទទី២១ខែមីនា ភ្លាមៗបន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយបានធ្លាក់ចុះរាប់ពាន់ម៉ែត្រក្នុងរយៈពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ។

យោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានឲ្យដឹងថា យន្តហោះ Boeing 737-800 មួយគ្រឿងនេះ បានធ្វើដំណើរចេញពីទីក្រុង Kunming ទៅកាន់មជ្ឈមណ្ឌលភាគខាងត្បូង Guangzhou ហើយបានបាត់ការទាក់ទងលើទីក្រុង Wuzhou ក្នុងតំបន់ Guangxi។

វីដេអូ CCTV ដ៏រន្ធត់ត្រូវបានគេចែកចាយពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីយន្តហោះធ្លាក់ដាំក្បាលចុះ បុកភ្នំបង្កទៅជាអគ្គិភ័យឆាបឆេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថាតើអ្វីនាំឲ្យយន្តហោះដាំក្បាលចុះ និងធ្លាក់ភ្លាមៗបែបនេះ ប៉ុន្តែអ្នកជំនាញអាកាសចរណ៍បានប្រាប់ MailOnline ថា វាអាចបណ្តាលមកពីអ្នកបើក បាត់បង់ការគ្រប់គ្រងក្នុងរយៈកម្ពស់ខ្ពស់ ឬការខូចអ្វីមួយនៅក្នុងកាប៊ីន។

លោកប្រធានាធិបតី Xi Jinping បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ ហើយបានបញ្ជាឲ្យមានការស៊ើបអង្កេតភ្លាមៗ រកមូលហេតុ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចខាងក្រោម៖