រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែសង្គ្រាម បានឈានចូលដល់សប្ដាហ៍ទី៤ ហើយក៏កំពុងតែបង្កនូវវិនាសកម្មកាន់តែខ្លាំងឡើង ដល់ប្រទេសអ៊ុយក្រែន ផងនោះ ទើបមហាអំណាចបចិ្ចមលោក ជាពិសេស សហរដ្ឋអាមេរិក ក៏កំពុងតែបង្កើននូវការគាំទ្រ ដល់ក្រុងគៀវ សម្រាប់កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាដល់បទឈប់បាញ់គ្នា ហើយឈានដល់ការបញ្ចប់នូវសង្គ្រាម នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។

សារព័ត៌មានសហរដ្ឋអាមេរិក VOA ជាភាសាអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៦ ខែមីនា បានឆ្លើយតប ចំពោះការអង្វរកររបស់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយថ្មី មានទឹកប្រាក់ ទំហំ៨០០លានដុល្លារ។ កញ្ចប់ជំនួយទាំងនេះ ក៏រាប់បញ្ចូល ទាំងគ្រឿងយុទ្ធោបករណ៍ និង ឧបករណ៍ការពារជាច្រើនទៀង ដើម្បីឆ្លើយតបទៅនឹងការទាមទារតំបន់គ្មានការហោះហើររបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ខណៈប្រទេសរបស់គាត់ កំពុងតែប្រឈមមុខនឹងការវាយប្រហារ តាមផ្លូវអាកាសយ៉ាងសន្ធាប់ ពីកងទ័ពរុស្ស៊ី។

ជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយបង្កើតនូវសង្គ្រាមពាក្យសម្ដី រវាងខ្លួនគាត់ និង លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាងថា «ខ្ញុំគិតថា ពូទីន ជាឧក្រិដ្ឋកម្មសង្គ្រាម»។

ជាការឆ្លើយតបវិញនោះ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតី ពូទីន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី TASS ថា សេចក្តីថ្លែងការណ៍របស់លោក ចូ បៃដិន គឺ «មិនអាចទទួលយកបាន ហើយក៏មិនអាចលើកលែងទោសបាននោះដែរ»៕