រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ពន្លឺ នៃមហិច្ឆតាយកឈ្នះសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី កាន់តែចុះខ្សោយទៅៗ បើទោះជាកម្លាំងទាហានរុស្ស៊ី ខិតខំប្រឹងប្រែង វាយប្រហារសង្គ្រប់លើកងទ័ពអ៊ុយក្រែនយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចទៅរួចដែរ ព្រោះឥឡូវនេះ តុលាការពិភពលោក បានបញ្ជាឲ្យក្រុងមូស្គូ ត្រូវតែបញ្ឈប់សង្គ្រាម នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ជាបន្ទាន់។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថា សហរដ្ឋអាមរិក កាលពីថ្ងៃពុធ ទី១៦ ខែមីនា បានស្វាគមន៍ ចំពោះដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ ​ស្នើឱ្យរុស្ស៊ី ផ្អាកជាបន្ទាន់នូវប្រតិបត្តិការសឹករបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

លោក ណេដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ICJ បានចេញបញ្ជាយ៉ាងច្បាស់ដល់រុស្ស៊ី ឲ្យផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ជាបន្ទាន់។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក សូមស្វាគមន៍ ចំពោះដីការបស់តុលាការពិភពលោក ដើម្បីបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី ជូន ដូណូហ្គេ (Joan Donoghue) ប្រធានចៅក្រម បានប្រាប់តុលាការយុត្តិធម៌អន្តរជាតិ ដោយរង់ចាំការសម្រេចចុងក្រោយ ក្នុងសំណុំរឿងនេះ ថា «សហព័ន្ធន៍រុស្ស៊ី នឹងត្រូវផ្អាកជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួន ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅលើទឹកដីអ៊ុយក្រែន»។

អង្គការអន្ដរជាតិទទួលបន្ទុកជនចំណាកស្រុក បានបញ្ជាក់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋ ជាង៣លាននាក់ បានរត់ភៀសសឹក ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីមានការវាយលុកឈ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប៉ូឡូញ បានទទួលជនភៀសសឹកច្រើនជាងគេ ដោយមានចំនួនជាង ១,៨លាននាក់៕