រដ្ឋធានីគៀវ៖ នៅក្នុងការវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៊ុយក្រែន និង រុស្ស៊ី បានអូសបន្លាយពេលវេលាជាង២០ថ្ងៃមកន ធ្វើឲ្យការខូចខាតហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន យ៉ាងធំសម្បើម ហើយទាហានឈ្លានពាន ក៏មានសេចក្ដីរាយការណ៍ពីការខាតបង់ រហូតដល់ទៅ៤០ភាគរយ និង ខាតបង់សេដ្ឋកិច្ចរាប់រយពាន់លានដុល្លារ ដោយសារតែការហ៊ុមព័ទ្ធជាមួយនឹងទណ្ឌកម្មរបស់មហាអំណាចបច្ចិមលោក។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា លោក ដេនីស ហ្ស៊ីហាល់ (Denys Shmyhal) នាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានអះអាង ថា សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងរយៈពេលជាង២០ថ្ងៃកន្លងមកនេះ បានធ្វើឲ្យប្រទេសរបស់លោក ខាតបង់ រហូតដល់ ជាង៥០០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ លោកត្រូវតែទាមទារឲ្យក្រុងមូស្គូ ចំណាយទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន ឡើងវិញ ក្រោយការបញ្ចប់សង្គ្រាមឈ្លានពាននេះ។ ក្រៅពីនេះ អ៊ុយក្រែន ក៏នឹងស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែម ពីប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួនផងដែរ។

មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថា ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានសម្រេចលើកទ័ពឈ្លានពាន មកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ក្រុងមូស្គូបានខាតបង់ទាហាន រហូតដល់៤០ភាគ នៃកម្លាំងទ័ពរបស់ពួកគេ។

អគ្គនាយសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ថា គិតត្រឹមវេលានេះ រុស្ស៊ី បានបាត់បង់កងទ័ពរបស់ខ្លួន កើនឡើង រហូតដល់ជាង ១៣ ៨០០នាក់ ឬស្មើនឹង៤០ភាគរយ នៃទាហានឈ្លានពាន នៅលើទឹកដីអ៊ុយក្រែន។

មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថា ចាប់តាំងពីការសម្រេចចិត្ត ធ្វើសង្គ្រាមឈ្លានពានរបស់លោក ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន វាយលុកចូល ទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រុស្ស៊ីបានបាត់បង់កម្លាំងទ័ពយ៉ាងច្រើនបំផុត។ កម្លាំងយោធារុស្ស៊ី ជាង ១៣ ៨០០នាក់ ត្រូវបានសម្លាប់ និង ជាង២០ ០០០នាក់ផ្សេងទៀត រងរបួស នៅក្នុងសមរភូមិ ប្រយុទ្ធយ៉ាងសាហាវជាមួយនឹងកងទ័ពអ៊ុយក្រែន។ ដោយឡែក គ្រឿងយុទ្ធោបករណ៍ជាច្រើនទៀតរបស់រុស្ស៊ី ក៏ត្រូវបានកម្លាំងការពារជាតិអ៊ុយក្រែនកម្ទេចចោល រួមមាន យន្ដហោះចម្បាំងចំនួន៥៧គ្រឿង រថក្រោះចំនួន៣៥៣គ្រឿង និង ឧទ្ធម្ភាគចក្រ ចំនួន៨៣គ្រឿង។ ក្រៅពីនេះ កងទ័ពអ៊ុយក្រែន ក៏បានកម្ទេចកាំភ្លើង១២៥ដើម និង យានយន្ដយោធាចំនួន ១ ១៦៥គ្រឿងបន្ថែមទៀត។

ទោះជាយ៉ាងណា ក្រុងមូស្គូ មិនបានផ្តល់ព័ត៌មានលម្អិត អំពីចំនួនទាហានរបស់ខ្លួនស្លាប់ នៅក្នុងសង្គ្រាមឈ្លានពាន នោះឡើយ។ ប៉ុន្ដែក្រុងមូស្គូ គ្រាន់តែបានបញ្ចេញឈ្មោះ អ្នកស្លាប់មួយចំនួន រួមទាំងឧត្តមសេនីយ៍ជាន់ខ្ពស់ តែប៉ុណ្ណោះ។ ដោយឡែក ពិធីបុណ្យសពរបស់នាយទាហានជាច្រើនទៀត ត្រូវបានរាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ តែសម្រាប់ កងទ័ពដែលបានស្លាប់ កាលពីចុងខែកុម្ភៈ តែប៉ុណ្ណោះ៕