រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងទ័ពការពារទឹកដី និង ទាហានឈ្លានពានរបស់ក្រុងមូស្គូ បានអូសបន្លាយ អស់រយៈពេលជាង២០ថ្ងៃកន្លងមកហើយ តែមហិច្ឆតាឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ទំនងជាមិនបានសម្រេច តាមគោលបំណងរបស់គាត់ ធ្លាប់ធ្វើទៅលើប្រទេសនានា នៅលើពិភពលោកនោះឡើយ ហើយអ្វីដែលគាត់បានទទួលមកវិញ មានតែការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត ខណៈអ៊ុយក្រែនកំពុងតែទាមទារលុយ ជាង៥០០ពាន់លានដុល្លារ សម្រាប់កសាងឡើងវិញនូវការខូចខាត ដោយសារសង្គ្រាម បង្កឡើង ដោយក្រុងមូស្គូ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា លោក ដេនីស ហ្ស៊ីហាល់ (Denys Shmyhal) នាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានអះអាង ថា សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងរយៈពេលជាង២០ថ្ងៃកន្លងមកនេះ បានធ្វើឲ្យប្រទេសរបស់លោក ខាតបង់ រហូតដល់ ជាង៥០០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ លោកត្រូវតែទាមទារឲ្យក្រុងមូស្គូ ចំណាយទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន ឡើងវិញ ក្រោយការបញ្ចប់សង្គ្រាមឈ្លានពាននេះ។ ក្រៅពីនេះ អ៊ុយក្រែន ក៏នឹងស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែម ពីប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួនផងដែរ។

លោក ដេនីស ហ្ស៊ីហាល់ (Denys Shmyhal) នាយករដ្ឋមន្រ្ដីអ៊ុយក្រែន បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងអំឡុងជំនួបមួយ ជាមួយនឹងប្រមុខរដ្ឋាភិបាល នៃប្រទេសឆេក ប៉ូឡូញ និង ស្លូវេនី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

មេដឹកនាំកំពូល នៃប្រទេសទាំង៣ នៅក្នុងប្លុកអឺរ៉ុប បានធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាគ្នា អំពីស្ថានភាពសង្គ្រាម នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ ស្របពេលសង្គ្រាមកំពុងតែវិវឌ្ឍឡើងយ៉ាងក្ដៅគគុកនោះ អ៊ុយក្រែន ក៏នឹងត្រូវពិភាក្សា អំពីបញ្ហាសន្ដិសុខរបស់ពិភពលោក នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការពារជាតិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស ឬអូតង់ តាមភាសាបារាំង) ផងដែរ។

សារព័ត៌មាន CNN បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា នាយករដ្ឋមន្រ្ដីប៉ូឡូញ ស្លូវេនី និង ឆេក បានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេ ដល់ប្រទេសអ៊ុយក្រែន ចំពេលមានការឈ្លានពាន ពីរុស្ស៊ី។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេស៣ នៅក្នុងប្លុកអឺរ៉ុប នេះ បានកើតឡើង ក្រោយពេលមានជំនួបជាមួយនឹងលោក វ៉ូឡូឌីមៀរ ហ្សេឡែស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងរដ្ឋធានីគៀវ កាលពីថ្ងៃទី១៥ ខែមីនា។

អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់លោក Morawiecki នាយករដ្ឋមន្ដ្រីប៉ូឡូញ, លោក Janez Janša នាយករដ្ឋមន្រ្ដីស្លូវេនី និង លោក Petr Fiala នាយករដ្ឋមន្រ្ដីឆេក ក៏ដើម្បីបញ្ជាក់ អំពីការគាំទ្រជាក់ស្តែងរបស់សហភាពអឺរ៉ុបទាំងមូលចំពោះអធិបតេយ្យភាព និង ឯករាជភាពរបស់ប្រទេសអ៊ុយក្រែន ហើយក៏បង្ហាញនូវការគាំទ្រយ៉ាងទូលំទូលាយ សម្រាប់រដ្ឋ និង សង្គមរបស់អ៊ុយក្រែន៕