រដ្ឋធានីគៀវ៖ ក្រោយកងទ័ពរុស្ស៊ី វាយសង្គ្រប់ ស្ទើរអស់លទ្ធភាព នៅតែមិនអាចផ្ដួលរំលំក្រុងគៀវ បាន នៅទីបំផុត ក្រុមអ្នកចរចារបស់អ៊ុយក្រែន និង រុស្ស៊ី បានរកឃើញសញ្ញាវិជ្ជាមានខ្លះៗហើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymir Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅថ្ងៃនេះ(ទី១៦ ខែមីនា) ថា កិច្ចចរចាសន្តិភាព រវាងក្រុមអ្នកចរចាក្រុងគៀវ និង មូស្គូ ហាក់ដូចជាមានពន្លឺខ្លះៗហើយ។ រីឯការទាមទាររបស់រុស្ស៊ី នៅក្នុងអំឡុងពេលកិច្ចចរចានោះ កំពុងតែមាន«ភាពប្រាកដនិយម» ខណៈមេដឹកនាំប៉ូឡូញ កំពុងតែអំពាវនាវឱ្យមានបេសកកម្មថែរក្សាសន្តិភាពជាលក្ខណៈអន្ដរជាតិ នៅក្នុងប្រទេស ដែលកំពុងតែខ្ទេចខ្ទំ ដោយសារសង្គ្រាមឈ្លានពានេះ។

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា «កិច្ចពិភាក្សា នៅតែបន្ត នៅថ្ងៃពុធនេះ ហើយខ្ញុំបានទទួលព័ត៌មាន ថា លក្ខខណ្ឌ នៅក្នុងអំឡុងពេលចរចានោះ ហាក់មានភាពប្រាកដនិយមជាងមុន។ ប៉ុន្តែយើងនៅតែត្រូវការពេលវេលាបន្ថែម សម្រាប់ ការសម្រេចចិត្ត ដើម្បីផលប្រយោជន៍របស់អ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា ក្រុងគៀវ បានត្រៀមលក្ខណៈទទួលយកការធានាសន្តិសុខ ពីមហាអំណាចបច្ចិមលោក ជំនួសឱ្យការចូលជាសមាជិករបស់អង្គការណាតូដែលជាគោលដៅរយៈពេលវែង សម្រាប់អ៊ុយក្រែន។ ដោយឡែក ក្រុងម៉ូស្គូយល់ថា សម្ពន្ធភាព រវាងអ៊ុយក្រែន និងប្រទេសលោកខាងលិច នាពេលអនាគត ក្លាយជាការគំរាមកំហែងដល់រុស្ស៊ី ទើបទាមទារមិនឲ្យអ៊ុយក្រែន ចូលជាសមាជិកភាពរបស់អង្គការណាតូ។

ដោយឡែក លោក ឌីមីទ្រី ប៉េស្កូវ (Dimitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បានអះអាងថា «ការព្យាករណ៍ អំពីវឌ្ឍនភាព នៃការចរចា ហាក់បីដូចជាលឿនពេក ព្រោះការងារមានភាពលំបាកខ្លាំង។ ចំណែកបច្ចុប្បន្នភាព នៃការចរចាកំពុងតែបន្ត ហើយវាអាចនឹងទទួលបានលទ្ធផលជាវិជ្ជមាន៕