រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ ថ្វីបើកងទ័ពរុស្ស៊ី កំពុងតែវាយសង្គ្រប់យ៉ាងខ្លាំង បាញ់គ្រាប់មីស៊ីល ស្រោចដូចគ្រាប់ភ្លៀងយ៉ាងណាក្ដី ក៏នៅតែមិនអាចផ្ដួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី បាន ទើបក្រុងមូស្គូ យល់ព្រម ចរចាជាលើកទី៤បន្ដទៀត។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា បើតាមលោក អែនតុន ហ្គេរ៉ាស់សេនកូ (Anton Gerashchenko) ទីប្រឹក្សា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា កិច្ចចរចាជុំទី៤ រវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមធ្វើឡើង នៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹក ថ្ងៃទី១៤ ខែមីនា (វេលាក្នុងស្រុក)។ រីឯក្តីសង្ឃឹម នៃវឌ្ឍនភាពការទូតនេះ ក៏នឹងត្រូវបានលើកឡើង បន្ទាប់ពីអ្នកចរចាអ៊ុយក្រែន លោក មីខៃឡូ ប៉ូដូលីយ៉ាក់ (Mykhailo Podolyak) បានបញ្ជាក់ នៅដើមសប្តាហ៍ នេះ ថា ការចរចា កាលពីចុងសប្តាហ៍មុននេះ ក៏ជាការ«ចរចាប្រកបដោយស្ថាបនា» វាយតម្លៃ អំពីកិច្ចព្រមព្រៀង រវាងប្រទេសទាំង២នេះ។

លោក Podolyak បានថ្លែង នៅក្នុងវីដេអូ តាមបណ្ដាញអ៊ីនធើណេត ថា «រុស្ស៊ីកំពុងតែ ចាប់ផ្តើម និយាយ នៅក្នុងន័យស្ថាបនា»។ ខ្ញុំគិតថា យើងនឹងសម្រេចបាននូវលទ្ធផលមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ដោយឡែក ការចរចាមួយដាច់ដោយឡែក រវាងសហរដ្ឋអាមេរិក និង ចិន ក៏នឹងធ្វើឡើង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយសារមហាអំណាចបច្ចិមលោក មានការព្រួយបារម្ភ អំពីលទ្ធភាពរបស់ក្រុងប៉េកាំង បញ្ជូនជំនួយទៅឲ្យរុស្ស៊ី៕