រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ សេដ្ឋកិច្ចរបស់រុស្ស៊ី ពឹងផ្អែកយ៉ាងខ្លាំង លើការនាំចេញប្រេង និងឧស្ម័ន ប៉ុន្ដែបច្ចុប្បន្ន រុស្ស៊ី កំពុងតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មចុងក្រោយបំផុត ដោយនៅមិនទាន់បានកំណត់គោលដៅ លើវិស័យទាំងនោះ នៅឡើយ។

បើតាមរបាយការណ៍របស់បណ្ដាញផ្សព្វផ្សាយ បានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ រុស្ស៊ីក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំបំផុតលំដាប់ទី២ និងជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតលំដាប់ទី៣ដល់ប្រទេសចិន។ រុស្ស៊ី បាននាំចេញប្រេង ដល់៤១,១ពាន់លានដុល្លារ និង ឧស្ម័ន ចំនួន ៤,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសមហាយក្ស នៅអាស៊ីមួយនេះ។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញនូវកិច្ចព្រមព្រៀង លើការនាំចេញប្រេង និងឧស្ម័នថ្មីរបស់រុស្ស៊ី ជាមួយប្រទេសចិន មានតម្លៃ រហូតដល់១១៧,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ទីផ្សារថាមពលដ៏ធំបំផុតរបស់រុស្ស៊ី រហូតមកដល់ពេលនេះ នៅតែជាសហភាពអឺរ៉ុប។ រុស្ស៊ី ផ្គត់ផ្គង់ឧស្ម័ន ប្រហែល៤០ភាគរយ និង ប្រេង ប្រហែល២៦ភាគរយ ដល់ប្លុកនេះ។

បើតាមទិន្នន័យចុងក្រោយបំផុតរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញថា កាលពីឆ្នាំមុននេះ ប្រទេសចិន មានចំណែកត្រឹមតែ២០ភាគរយ នៃការនាំចេញរបស់រុស្ស៊ី ដោយប្រេង ភាគច្រើន នាំទៅប្លុកអឺរ៉ុប។

លោកស្រីបណ្ឌិត រ៉េបេកកា ហាឌីង (Rebecca Harding) ជាសេដ្ឋវិទូខាងពាណិជ្ជកម្ម បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ការនាំចេញប្រេង និង ឧស្ម័នរបស់រុស្ស៊ី ទៅកាន់ប្រទេសចិន បាន និង កំពុងកើនឡើង នៅក្នុងអត្រា ជាង៩ភាគរយ ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំ ចុងក្រោយនេះ។ នេះជាកំណើនដ៏យ៉ាងឆាប់រហ័សមួយ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រទេសចិន ក៏ក្លាយជាចំណែកជាងពាក់កណ្តាល នៃទីផ្សារសហភាពអឺរ៉ុបសម្រាប់ប្រេងរុស្ស៊ី ផងដែរ»។

ដោយឡែក អាល្លឺម៉ង ក្លាយជាគោលដៅ នាំចេញឧស្ម័នធម្មជាតិដ៏សំខាន់បំផុតរបស់រុស្ស៊ី ។ ប៉ុន្ដែប្រទេសមហាអំណាចកំពូលនៅអឺរ៉ុបមួយនេះ កាលពីពេលថ្មីៗ បានប្រកាស ថា ក្រុងប៊ែរឡាំង នឹងផ្អាកដល់ប្រតិបត្ដិការបំពង់បង្ហូរ Nord Stream 2 ថ្មីរបស់រុស្ស៊ី មានប្រវែងជាង ១ ២០០ គីឡូម៉ែត្រ មានតម្លៃ១១ពាន់លានដុល្លារ តភ្ជាប់ពីតំបន់ភាគខាងលិចស៊ីបេរី ប្រទេសរុស្ស៊ី ដោយឆ្លងកាត់តាមសមុទ្របាល់ទិក ឆ្ពោះមកកាន់ប្រទេសអាល្លឺម៉ង។ សកម្មភាពរបស់ក្រុងប៊ែរឡាំង ជាការឆ្លើយតបនឹងការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអ្នកវិភាគសេដ្ឋកិច្ច បានឲ្យដឹងថា ការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័នថ្មី បានព្រមព្រៀង រវាងប្រទេសរុស្ស៊ី និង ចិន (The Power of Siberia 2) នឹងមានសមត្ថភាពលំដាប់ទី៥ នៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលវែងជាងនេះ ប្រទេសចិន ប្រហែលជាចង់ជំរុញឲ្យការនាំចូលឧស្ម័នរបស់រុស្ស៊ី បន្ថែមទៀត ដើម្បីព្យាយាមកាត់បន្ថយនូវការពឹងផ្អែកខ្លាំងរបស់ខ្លួន លើធ្យូងថ្ម ដើម្បីសម្រេចបាននូវគោលដៅ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕