រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ ការធ្វើពាណិជ្ជកម្ម រវាងមហាយក្សចិន និង រុស្ស៊ី មានការចាប់ផ្តើមកើនឡើង ជាជំហាន នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការធ្វើពាណិជ្ជកម្មនេះ បានឈានដល់កម្រិតខ្ពស់ថ្មីមួយ ដោយកើនឡើង ជិតដល់១៤៧ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺកើនឡើង ជិត៣៦ភាគរយ បើធៀបនឹងឆ្នាំមុន។ ចំណែក ការធ្វើពាណិជ្ជកម្មសរុបរបស់រុស្ស៊ី នៅក្នុង២០២១ មានចំនួនប្រហែល១៨ភាគរយ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ទៅកាន់ទីក្រុងប៉េកាំង កាលពីខែមុន នោះ ប្រទេសទាំង២ បានបញ្ជាក់ថា ក្រុងមូស្គូ និង ក្រុងប៉េកាំង បានប្ដេជ្ញានឹងបង្កើននូវការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឲ្យបានដល់២៥០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។

បច្ចុប្បន្ន ចិនក្លាយជាទីផ្សារដ៏ធំបំផុតតែមួយគិត សម្រាប់ការនាំចេញរបស់រុស្ស៊ី រួមទាំង ប្រេង ឧស្ម័ន ធ្យូងថ្ម និង ផលិតផលកសិកម្ម។ នេះ ពិតជាច្បាស់ណាស់ថា រុស្ស៊ីបានចាប់ផ្ដើមនាំចេញយ៉ាងច្រើន ទៅកាន់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីនេះ ជាងពេលរុស្ស៊ីធ្លាប់ធ្វើ កាលពីពេលកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយរុស្ស៊ី ។ នៅក្នុងអំឡុង ឆ្នាំ២០២១ កន្លងមកនេះ ការធ្វើពាណិជ្ជកម្មសរុប រវាងសហភាពអឺរ៉ុប និង រុស្ស៊ី មានតម្លៃ ជិតពីរដង នៃការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ី។

លោកស្រីបណ្ឌិត រ៉េបេកកា ហាឌីង (Rebecca Harding) ជាសេដ្ឋវិទូខាងពាណិជ្ជកម្ម បានឲ្យដឹងថា ការធ្វើពាណិជ្ជកម្ម នាពេលនេះ មានការប្រែប្រួល។ ការធ្វើពាណិជ្ជកម្មនោះ ពិតជាចៀសមិនរួចទេ ដោយសារតែពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និង រុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយប្លុកនេះ បានសម្រេចដាក់ទណ្ឌកម្ម ជុំវិញការឈ្លានពានរបស់ក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន។ វិបត្តិបច្ចុប្បន្ន មានការផ្តោតអារម្មណ៍ នៅក្នុងសហភាពអឺរ៉ុប ដោយតម្រូវការ ដើម្បីធ្វើពិពិធកម្ម លើការផ្គត់ផ្គង់។ ចំណែកការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយនឹងសហរដ្ឋអាមេរិក បានលក្ខណៈតិចជាងសហភាពអឺរ៉ុប៕