សហរដ្ឋអាមេរិក៖ ស្របពេលរុស្ស៊ី បាន និង កំពុងតែវាយសង្គ្រប់ឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន នោះ មេដឹកនាំកិច្ចសន្ទនាចតុភាគី ហៅកាត់ Quad បានឯកភាពយកមេរៀន ដែលកំពុងតែកើតឡើង នៅតំបន់អឺរ៉ុប នោះ កុំឲ្យកើតមាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និង ជប៉ុន បានបង្កើតកិច្ចព្រមព្រៀងមួយផ្នែកសន្ដិសុខ ដែលហៅ Quad ។ មេដឹកនាំទាំង៤ប្រទេសនេះ បានព្រមព្រៀងគ្នាថា បទពិសោធន៍ ដែលកំពុងតែកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន នឹងមិនអនុញ្ញាតកើតមាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា «យើងទាំងអស់គ្នា បានឯកភាព ថា ការផ្លាស់ប្ដូរស្ថានភាពដើម ដោយឯកតោភាគី ជាមួយការប្រើប្រាស់កម្លាំងយោធា ដូចជាសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន នឹងមិនត្រូវអនុញ្ញាតឱ្យកើតមាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះឡើយ»។

មេដឹកដឹកនាំទាំង៤ប្រទេស បានបើកកិច្ចប្រជុំមួយ នៅតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីជោគវាសនារបស់កោះតៃវ៉ាន់ ដែលកំពុងតែរងការគំរាមកំហែងពីចិន ខណៈពេលនេះ រុស្ស៊ីកំពុងតែវាយលុកយ៉ាងសន្ធាប់ទៅលើអ៊ុយក្រែន៕