បរទេស៖ ដោយសារតែសកម្មភាពឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន កំពុងតែបង្កឱ្យមានការភ័យខ្លាច នៅក្នុងចំណោមបណ្តាប្រទេស ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត ហើយនៅពេលនេះដែរ ប្រទេសម៉ូលដូវ៉ា ក៏បានដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុប។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ថា ប្រទេសម៉ូលដូវ៉ា (Moldova) បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ជាផ្លូវការ ក្រោយការវាយលុកឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីសភាអឺរ៉ុប បានសម្តែងការគាំទ្រ ចំពោះចំណាត់ការស្រដៀងគ្នានេះដោយក្រុងគៀវ (Kyiv)។

លោកស្រី ម៉ៃអា សាន់ឌូ (Maia Sandu) ប្រធានាធិបតី Moldova បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៣ ខែមីនា ថា លោកស្រីបានចុះហត្ថលេខា ស្នើសុំឲ្យប្រទេសរបស់លោកស្រី ចូលជាសហភាពអឺរ៉ុប។

លោកស្រីប្រធានាធិបតី បានបញ្ជាក់ថា «យើងចង់រស់នៅក្នុងសន្ដិភាព បូរណភាពទឹកដី និង ជាផ្នែកមួយ នៃពិភពលោកសេរីភាព ខណៈការសម្រេចចិត្តមួយចំនួន ត្រូវចំណាយពេល ខ្លះទៀតត្រូវតែធ្វើឡើងយ៉ាងឆាប់រហ័ស និងច្បាស់លាស់ ហើយទាញយកអត្ថប្រយោជន៍ ពីឱកាសដែលពិភពលោកត្រូវផ្លាស់ប្តូរ»។

សូមជម្រាប ថា ៖ សហភាពសូវៀត ត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ និង ដួលរលំទៅវិញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១។ មុនដួលរលំនោះ សហភាពសូវៀត មានឈ្មោះជាផ្លូវការ «សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត» ដោយមានផ្ទៃដី ទំហំ ២២,៤លានគីឡូម៉ែត្រការ៉េ ដោយមានរដ្ឋជាចំណុះ ចំនួន១៥ រួមមាន រដ្ឋអាមេនៀ (Armenia) រដ្ឋអាហ្សែបៃហ្សង់ (Azerbaijan) រដ្ឋបេឡារុស (Belarus) រដ្ឋអេស្ដូនី (Estonia) រដ្ឋហ្សកហ្ស៊ី (Georgia) រដ្ឋកាហ្សាក់ស្ថាន (Kazakhstan) រដ្ឋគីជីស្ថាន ( Kyrgyzstan) រដ្ឋឡាតវៀ (Latvia) រដ្ឋលីស៊ូអានៀ (Lithuania) រដ្ឋម៉ូលដូវ៉ា (Moldova) រដ្ឋរុស្ស៊ី (Russia) រដ្ឋតាជីគីស្ថាន (Tajikistan) រដ្ឋធើកមេនីស្ថាន (Turkmenistan) រដ្ឋអ៊ុយក្រែន (Ukraine) និង រដ្ឋអ៊ុយប៊េគីស្ថាន (Uzbekistan) ។

ក្រោយការដួលរលំសហភាពសូវៀត នោះមក រដ្ឋទាំង១៥នោះ បានក្លាយជាប្រទេសឯករាជ្យ ហើយប្រទេសចំនួន៣ ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត ក៏ក្លាយជាសមាជិករបស់អង្គការណាតូ រួមមាន ឡាតវៀ (Latvia) លីស៊ូអានៀ (Lithuania) និង អេស្ដូនី (Estonia) ៕