ក្រុមអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីបានដឹងថាការឡើងកំដៅនៃផែនដីមានការកើនឡើងលឿនជាងការរំពឹងទុករបស់អ្នកវិទ្យាសាស្ត្រដែលបានកំណត់ទុកកន្លងមក។

ក្រុមប្រឹក្សាអន្តរអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ ហៅកាត់ IPCC បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានបញ្ជាក់យ៉ាងច្បាស់ថាការប្រែប្រួលអាកាសធាតុកំពុងប៉ះពាល់ដល់ភពផែនដីលឿនជាងការរំពឹងទុករបស់អ្នកវិទ្យាសាស្ត្រទៅទៀត។ កំដៅខ្លាំងកាន់តែកើនឡើងខ្លាំង ភ្លៀងធ្លាក់ក៏កាន់តែខ្លាំង គ្រោះរាំងស្ងួតក៏មានគ្រប់ទីកន្លែង និងគ្រោះធម្មជាតិកាន់តែញឹកញាប់ ដែលវាបានប៉ះពាល់ដល់សុខភាព និងសន្តិសុខស្បៀង ការឡើងកំដៅផែនដីត្រូវបានគេរំពឹងថានឹងធ្វើឱ្យមនុស្ស ១៨៣ លាននាក់នៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោកដែលមានប្រាក់ចំណូលទាបនឹងត្រូវស្រេកឃ្លាននិងក្លាយជាមនុស្សដែលកង្វះអាហារូបត្ថម្ភនៅក្នុងឆ្នាំ២០៥០ខាងមុខនេះ។ ខណៈពេលដែលប្រទេសផ្សេងទៀតកុំពុងតែបរាជ័យក្នុងការទប់ស្កាត់ការបញ្ចេញកាបូន និងផ្សែងពុលផ្សេងៗនៅលើពិភពលោក ដោយការឡើងកំដៅផែនដីនេះត្រូវបានគេប៉ាន់ប្រមាណថាបានកើនឡើងប្រហែល ១.១អង្សាសេក្នុងពេលបច្ចុប្បន្ន ហើយនឹងកើនឡើងរហូតដល់ ១.៥ អង្សាសេនៅឆ្នាំ ២០៣០ បន្តទៅទៀត។

យ៉ាងណាមិញទាក់ទងនឹងបញ្ហាខាងលើក្រុមអ្នកវិទ្យាសាស្ត្រ IPCC ក៏កំពុងអំពាវនាវឱ្យមានការអភិវឌ្ឍន៍ស្ថិរភាព ដើម្បីទប់ទល់នឹងហានិភ័យនៃការប្រែប្រួលអាកាសធាតុនាពេលអនាគត  ដើម្បីការពារសង្គម សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងពន្លឿនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យកាន់តែមានប្រសិទ្ធភាពជាងនេះ៕ ប្រភព៖ Thairath