ប្រទេសថៃ៖ កោះឡាន(Larn) ជាតំបន់ទេសចរណ៍មួយទៀត នៅជិតទីក្រុងបាងកក ដែលងាយស្រួលធ្វើដំណើរទៅ កម្សាន្ត ក្នុងការទៅកាន់ទីតាំងដ៏ស្រស់ស្រាយនៅឯមាត់សមុទ្រដែលមានទឹកថ្លាឈ្វែង និងមានខ្សាច់ពណ៌សដ៏ស្រស់ស្អាត នៅទីនោះក្រៅពីការលេងទឹក  កោះឡានក៏មានសកម្មភាពផ្សេងៗទៀតសម្រាប់អ្នកទេសចរដូចជា មុជទឹក ស្ទូចត្រី មឹក ជិះស្គីជាដើម។

មូលហេតុដែលអ្នកទេសចរគួរកុំរំលងជាមួយនឹងកោះឡាន(Larn)

មុននឹងនាំមិត្តភ័ក្តិឬក្រុមគ្រួសារមកកម្សាន្តកោះឡាន តោះមកស្គាល់ពីតំបន់ទេសចរណ៍ល្បីៗនៅជិតទីក្រុងបាងកកជាមុនសិន សម្រាប់ “កោះឡាន” គឺជាកោះមួយនៅកណ្តាលសមុទ្រ ដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុងបាងកក  វាត្រូវចំណាយពេល ២ទៅ៣ ម៉ោងដើម្បីធ្វើដំណើរទៅកាន់កោះឡាន បន្ទាប់មកអ្នកទេសចរអាចទទួលបានបទពិសោធន៍នៃទឹកសមុទ្រដ៏ថ្លាឆ្វង់ប្រកបដោយផាសុកភាពនៅទីនោះ។  នៅទីនេះស័ក្តិសមសម្រាប់ភ្ញៀវទេសចរណ៍គ្រប់គ្នាដែលតែងតែចង់ទទួលយកនូវអារម្មណ៍ថ្មីៗ ក្នុងនោះនៅលើកោះនេះ គឺសម្បូរទៅដោយភោជនីយដ្ឋានគ្រឿងសមុទ្រជាច្រើន និងផ្ទះតម្លៃសមរម្យជាច្រើនសម្រាប់ជួលស្នាក់នៅកម្សាន្ត។

ការធ្វើដំណើរទៅកាន់កោះឡាន(Larn)

ចំពោះការធ្វើដំណើរវិញ គឺមានជំហានមួយចំនួន ប៉ុន្តែទោះជាយ៉ាងណា អ្នកនៅតែអាចធ្វើដំណើរទៅកម្សាន្តកោះឡាននេះបានយ៉ាងងាយស្រួល ដោយជំហានដំបូងគឺចាប់ផ្តើមពីបាងកកទៅកាន់ ផែបាលីហៃ រួចបន្តដំណើរពី ផែបាលីហៃទៅកាន់ កោះឡាន ដោយការជិះឡានតាមផ្លូវ ចេញពីទីក្រុងបាងកក រួចធ្វើដំណើរតាមមហាវិថី ហើយចុះនៅច្រកប៉ាតាយ៉ា ធ្វើដំណើរត្រង់ទៅប៉ាតាយ៉ាខាងត្បូង  អ្នកនឹងឃើញស្ពានដែលធ្លាប់ឆ្លងកាត់ទៅកាន់កោះបាលីហៃ  នឹងឆ្លងកាត់ទៅចតរថយន្តនៅចំណត នៃកំពង់ផែកោះបាលីហៃតម្លៃចតរថយន្តគឺ ៣០ បាតក្នុងមួយម៉ោង ហើយចំណែកម៉ូតូវិញត្រូវបានចតដោយមិនគិតថ្លៃ។ នៅពេលដល់ផែបាលីហៃហើយ អ្នកត្រូវធ្វើដំណើរតាមទូកទៅកាន់ កោះឡាន់ ក្នុងនោះថ្លៃទូកដឹកអ្នកដំណើរ ៣០បាត គ្រប់ផ្លូវទាំងអស់ ហើយទូកនឹងចាកចេញពីផែរៀងរាល់ ៣០ នាទី ពេលវេលាធ្វើដំណើរប្រហែល៤៥នាទីប៉ុណ្ណោះដើម្បីដល់គោលដៅ។

ឆ្នេរដ៏ស្រស់ស្អាតជាច្រើននៅលើកោះឡាន(Larn)    

បន្ទាប់ពីធ្វើដំណើរទៅដល់យើងមកមើលទិដ្ឋភាពដ៏អស្ចារ្យនៃកោះឡាន គយគន់សម្រស់ឆ្នេរនៃកោះ ឡាននៅគ្រប់ច្រកល្ហកនៃកោះ ដោយឡែកនៅលើកោះនោះមានឆ្នេរជាច្រើនដែលបានឆក់យកបេះដូងអ្នកទេសចរឱ្យមកកម្សាន្តដោយមិនស្តាយក្រោយ៖

១. ឆ្នេរតាវ៉ែន

“ឆ្នេរតាវ៉ែន” ដែលជាឆ្នេរខ្សាច់ពណ៌សនៅជាប់ផែទៅកោះឡាននេះផ្ទាល់ មានទូកជាច្រើន សម្រាប់ ភ្ញៀវទេសចរជួលជិះលេង និង ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនេះ  ឬអ្នកទេសចរអាចដើរលេងតាមឆ្នេរខ្សាច់យ៉ាងត្រជាក់ចិត្ត។

២. ឆ្នេរ Sangwan

ជាកន្លែងថតរូបមួយទៀតដែលមិនគួររំលងព្រោះ ឆ្នេរសាំងវ៉ាន់ មានចំណុចលេចធ្លោគឺស្ពានឈើបុរាណសម្រាប់ឲ្យភ្ញៀវទេសចរឈប់សម្រាក និងថតរូបយកបរិយាកាសដ៏ស្រស់បំព្រង មុននឹងចុះទៅដើរលេងកម្សាន្តតាមឆ្នេរបន្ត ដូច្នេះសូមកុំភ្លេចមកថតរូបស្អាតៗនៅទីនេះកំខាន។

៣. ឆ្នេរថុងឡាង

មិត្តៗណាដែលចង់អង្គុយលំហែរកាយ គយគន់ទេសភាពមាត់សមុទ្រ សូមណែនាំ ឆ្នេរថុងឡាង ឆ្នេរខ្សាច់សនៅលើកោះឡាននេះ ដែលឆ្នេរនេះមិនឆ្ងាយប៉ុន្មានពីឆ្នេរតាវ៉ែននោះទេ ដូច្នេះអ្នកនឹង ឃើញកប៉ាល់ផ្សេងៗដែលកំពុងឆ្លងកាត់ អង្គុយគយគន់ទេសភាព និងស្រូបយកខ្យល់ សមុទ្រពេលស្តាប់ សំឡេងរលកបោកបក់លើទូកក៏មានអារម្មណ៍រីករាយខ្លាំងដែរ។

៤. ឆ្នេរតាយាយ

“ឆ្នេរតាយាយ” គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយទៀត ឆ្នេរនេះមានភាពស្ងប់ស្ងាត់ ស័ក្តិសមសម្រាប់ការទស្សនានាពេលរាត្រី  ចំណុចសំខាន់មួយទៀតគឺ  “Na Baan Pier” កន្លែងនេះនឹងក្លាយជាមជ្ឈមណ្ឌលសហគមន៍ រួមទាំងភោជនីយដ្ឋានផងដែរ  មានទាំងហាងលក់វត្ថុអនុស្សាវរីយ៍ ហាងលក់ថ្នាំ ក៏ដូចជាចំណុចពិសេសក្នុងការកម្សាន្តមុជទឹក ការនេសាទមឹក និងសកម្មភាពផ្សេងៗនៅលើកោះជាច្រើន។

៥. ឆ្នេរនួន

ឆ្នេរនួន ដែលមានទីតាំងនៅខាងត្បូងបំផុតនៃកោះ សម្រាប់អ្នកដែលចូលចិត្ត អង្គុយមើលទេសភាពពេញមួយថ្ងៃ អ្នកអាចនឹងទទួលបានបទពិសោធន៍ជាមួយវាលស្មៅដ៏ធំល្វឹងល្វើយជុំវិញនោះ ហើយ ទេសភាពភ្នំដ៏ស្រស់ស្អាត ដោយឡែកសម្រាប់ស្រីៗយើងសូមណែនាំឲ្យអ្នករៀបចំរ៉ូបពណ៌ស ដើម្បីថតរូបជាមួយវាលស្មៅដ៏ខៀវស្រងាត់។​

៦. ឆ្នេរទៀម

តោះបន្តទៅ “ឆ្នេរទៀម” ដែលជាកន្លែងទេសចរណ៍នៅកោះឡាន អ្នកមិនគួររំលង ព្រោះវាជាឆ្នេរដែលវែងជាងគេនៅលើកោះឡាន ហើយវាក៏មានកន្លែងមើលម៉ាស៊ីនបក់ខ្យល់ផងដែរ នៅតាមផ្លូវអ្នកនឹងឃើញទួរប៊ីនត្រូវបានដំឡើងសម្រាប់ចែកចាយអគ្គិសនីនៅលើកោះនេះជាច្រើន៕ ប្រភព៖ wongnai