ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី លោកវរសេនីយ៍ឯកកែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង៉ែ សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ ចុះបង្ក្រាប ទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមស្លែង ស្ថិតក្នុងភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាប់ព្រំប្រទល់ និងស្រុកជើងព្រៃ តែគួរឲ្យសោកស្តាយចាប់អ្នកជល់មាន់មិនបានម្នាក់សោះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកព្រៃឈរ បានឲ្យដឹងថា ដោយស្ថានភាពផ្លូវបត់បែនឆ្ងាយ និងលំបាកធ្វើដំណើរ ត្រូវបានក្រុមអ្នកញៀនល្បែងទាំងអស់នោះ បាននាំគ្នារត់គេចខ្លួនបាត់អស់។ មុនពេលកម្លាំងសមត្ថកិច្ចយើងទៅដល់ ដោយគ្មានបន្សល់ទុកនូវវត្ថុតាងអ្វីឡើយ ។ ដោយការលួចលេងនេះជាលក្ខណៈណាត់ជល់ពីមួយគូ ទៅពីរគូ តែមិនមានបើកជាសង្វៀននោះទេ ។
ពាក់ព័ន្ធនឹងការលួចលេងល្បែងស៊ីសង់នេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងមូលដ្ឋាន ដោយបច្ចុប្បន្នលោកអធិការ បានចាត់តាំងលោកអធិការរង០១រូប ដែលទទួលដឹកនាំពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ដាក់កម្លាំងល្បាតឃ្លាំមើលទីតាំងខាងលើ ដើម្បីជាវិធាការបង្ការ បង្ក្រាបសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមមេត្តាជួយសហការផ្តល់ព័ត៌មានមកសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ហើយសមត្ថកិច្ចរក្សាការសម្ងាត់ផ្ទាល់ខ្លួន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រ្កាបបទល្មើសល្បែងស៊ីសង និងបទល្មើសផ្សេងៗទៀត ក្នុងទឹកដីខេត្តកំពង់ចាម៕https://blogger.googleusercontent.com/img/a/AVvXsEhiYQMP5Uad_161Qwyjv7Ok31dlnHg3JOriXt_hLif3Z7veuwKekYd4jpaldx3XL-BxIApY58Y6kWv8AVMaEXZp3h7ju2Q-OfQZnrD7NPF9r0z9TDCo0SmvIPygS1a3Wuuuuz9tp0DQa_mzB3GK7vK4Cfws5N3zqDOph3bwvvhMvzeLe9wgOURYdG-j=s900