រដ្ឋធានីគៀវ៖ ការបើកឆាកសង្គ្រាម បាញ់ផ្លោងមីស៊ីល ស្រោចទៅលើប្រទេសអ៊ុយក្រែន ដូចទឹកភ្លៀង បង្កឡើងដោយរុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត រងរបួស និង រត់ចោលផ្ទះសម្បែង ជាង១សែននាក់។

អាជ្ញាធរអ៊ុយក្រែន បានចេញរបាយការណ៍ថា នៅក្នុងសង្គ្រាមវាយប្រហារមកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះ បានបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត ចំនួន ១៣៧នាក់ និង ៣១៦នាក់ រងរបួស។ ដោយឡែក ពលរដ្ឋអ៊ុយក្រែន យ៉ាងតិច ១០០ ០០០នាក់បាត់ចោលផ្ទះសម្បែង ខណៈអ្នកខ្លះកំពុងតែសម្ងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី។

កងទ័ពរុស្ស៊ីបានវាយប្រហារ ចេញពីប្រទេសរបស់ខ្លួន និង បេឡារុស បាញ់ផ្លោងមីស៊ីល ដូចទឹកភ្លៀង សំដៅទៅលើទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវផងដែរ។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ី នោះ ក៏មានការគាំទ្រ ទាំងផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក ដោយមានគោលដៅកម្ទេចមូលដ្ឋានកងទ័ព និង ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអ៊ុយក្រែន ដើម្បីឲ្យទ្រមកម្លាំង។ ការវាយប្រហារនេះ បានកើតឡើយ ក្រោយពេលមាន​បញ្ជាពីលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យបើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំ៕