រដ្ឋធានីគៀវ៖ ស្របពេលរុស្ស៊ីកំពុងតែបាញ់ផ្លោងមីស៊ីល ស្រោចមកលើប្រទេសអ៊ុយក្រែន ដូចទឹកភ្លៀង នោះ ប្រធានាធិបតី នៃប្រទេសអឺរ៉ុបមួយនេះ បានអះអាងទៅកាន់ប្រជាជាតិរបស់ខ្លួនថា គាត់នឹងបន្ដស្នាក់នៅក្នុងរដ្ឋធានីគៀវ ដើម្បីទប់ទល់សត្រូវរបស់យើង។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ នៅថ្ងៃទី២៥ ខែកុម្ភៈ ថា ថ្វីបើកងទ័ពរុស្ស៊ី កំពុងតែវាយប្រហារយ៉ាងសន្ធាប់យ៉ាងខ្លាំង សម្ដៅមកលើទីរដ្ឋធានីគៀវ យ៉ាងណាក្ដី លោកនឹងមិនរត់ទៅណានោះដែរ។ លោកនឹងបន្ដស្នាក់នៅក្នុងទីក្រុង ហើយរួមដៃគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន កំពុងតែព្យាយាមទប់ទល់យ៉ាងក្តៅគគុកក្តី វាយបកតបតទៅលើសត្រូវ។

ក្រោយពេលមានបញ្ជាពីលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យបើកប្រតិបត្ដិការយោធាទ្រង់ទ្រាយធំនោះភ្លាម កងទ័ពរុស្ស៊ី បានវាយប្រហារ ចេញពីប្រទេសរបស់ខ្លួន និង បេឡារុស បាញ់ផ្លោងមីស៊ីល ដូចទឹកភ្លៀង សំដៅទៅលើទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវផងដែរ។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ី នោះ ក៏មានការគាំទ្រ ទាំងផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក ដោយមានគោលដៅកម្ទេចមូលដ្ឋានកងទ័ព និង ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអ៊ុយក្រែន ដើម្បីឲ្យទ្រមកម្លាំង។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់ប្រជាជាតិអ៊ុយក្រែន និងពិភពលោកទាំងមូល តាមរយៈសារជាវីដេអូ កនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ថា «សត្រូវបានចាត់ទុកខ្ញុំ ជាគោលដៅទីមួយ… ហើយគ្រួសាររបស់ខ្ញុំ ជាគោលដៅទី ២។ ពួកគេចង់កម្ទេចប្រព័ន្ធនយោបាយរបស់ប្រទេសអ៊ុយក្រែន ដោយការកម្ទេចប្រមុខរដ្ឋជាមុន។ ទោះជាយ៉ាងណា ខ្ញុំនឹងនៅតែបន្ដស្នាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសយើង។ ចំណែក គ្រួសាររបស់ខ្ញុំ ក៏បន្ដស្នាក់នៅក្នុងប្រទេសអ៊ុយក្រែនដែរ»៕