រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល កងទ័ពរុស្ស៊ី បានបើកប្រតិបត្ដិការ ធ្វើសឹកទ្រង់ទ្រាយធំ ព្រមគ្នា ចេញពីបេឡារុស និង ប្រទេសខ្លួនឯង វាយសង្រ្គប់ទៅលើប្រទេសអ៊ុយក្រែន នោះភ្លាម មហាអំណាចបស្ចិមលោក ជាពិសេស សហរដ្ឋអាមេរិក បានបង្ហាញ អំពីទណ្ឌកម្មយ៉ាងពិស្ដារ ប្រឆាំងនឹងក្រុងមូស្គូ។

សារព័ត៌មានសហរដ្ឋអាមេរិក US Today បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញទណ្ឌកម្មសេដ្ឋកិច្ចលម្អិតថ្មីមួយ ប្រឆាំងនឹងរុស្ស៊ី។ ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ជាផ្នែកមួយ នៃការឈឺចាប់ ជាលក្ខណៈអន្ដរជាតិ ដើម្បីឆ្លើយតបទៅនឹងទីក្រុងមូស្គូ ដែលកំពុងតែវាយលុកលុយ ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើអត្ថាធិប្បាយដ៏គួរឲ្យកត់សម្គាល់ ចេញពីសេតវិមាន ថា «លោក វ៉្លាឌីមៀរ ពូទីន ជាអ្នកឈ្លានពាន។ ពូទីនបានជ្រើសរើស យកការធ្វើសង្គ្រាមនេះ ហើយឥឡូវគាត់ និង ប្រទេសរបស់គាត់ កំពុងតែប្រឈមមុខនឹងផលវិបាកយ៉ាងខ្លាំងក្លាបំផុត»។

សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តបស្ចិមលោក នឹងបង្កកទ្រពសម្បត្ដិរបស់ធនាគារដ៏ធំបំផុតរបស់រុស្ស៊ី ចំនួន៤ ដោយបន្ថែមពីលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើគ្រឹះស្ថានហិរញ្ញវត្ថុរបស់រុស្ស៊ី ចំនួន២ផ្សេងទៀត នៅក្នុងសប្ដាហ៍នេះ។ ក្រៅពីនេះ មហាអំណាចលោកខាងលិច នឹងដាក់ទណ្ឌកម្មលើឥស្សរជនរុស្ស៊ី និង ការគ្រប់គ្រងលើការនាំចេញថ្មីបន្ថែមទៀត។

ដោយឡែក វិធានការចុងក្រោយនេះ ក៏បានកំណត់គោលដៅទៅឧស្សាហកម្មការពារជាតិ និង សន្ដិសុខរបស់ប្រទេសបេឡារុស រួមជាមួយនឹងបុគ្គលបេឡារុស ចំនួន២៤នាក់ និង អង្គភាពយោធាជាច្រើនរបស់ប្រទេសនេះ ជុំវិញតួនាទីរបស់ពួកគេ ពាក់ព័ន្ធនឹងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

លោក ចូ បៃដិន ប្រធានាធិបតីសហអាមេរិក បានបញ្ជាក់ថា វិធានការសេដ្ឋកិច្ចថ្មីនេះ នឹងកំណត់ទៅលើសមត្ថភាពរបស់រុស្ស៊ី ដើម្បីធ្វើពាណិជ្ជកម្ម ជាប្រាក់ដុល្លារ អឺរ៉ូ ផោន និង ប្រាក់យ៉ែន ដែលជាផ្នែកមួយ នៃសេដ្ឋកិច្ចពិភពលោក។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយកម្លាំងយោធារបស់ខ្លួន បន្ថែមទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួយពង្រឹងសម្ពន្ធមិត្តរបស់អង្គការណាតូ នៅតាមតំបន់អឺរ៉ុបខាងកើត។ ក្រោយពេលលោក ចូ បៃដិន បានលើកឡើងបែបនេះភ្លាម មន្ទីរបញ្ចកោណ ក៏បានបញ្ជូនកងទ័ព ចំនួន៧ ០០០ នាក់បន្ថែមទៀត ទៅកាន់តំបន់អឺរ៉ុប៕