ប្រជាពលរដ្ឋទាំងអស់នៅទីក្រុងហុងកុងត្រូវតែធ្វើតេស្តរកជំងឺកូវីដ-១៩ ទាំងអស់ជាកំហិតដើម្បីធ្វើការទប់ទល់នឹងការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សពីមេរោគកូវីដ ជាពិសេសមេរោគប្រភេទថ្មី Omicron។

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ សារព័ត៌មាន BBC បានរាយការណ៍ថារដ្ឋាភិបាលហុងកុងបានបញ្ជាឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩ ជាចាំបាច់សម្រាបប្រជាជនសរុបចំនួន ៧.៥ លាននាក់នៅលើកោះនេះដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លងដ៏អាក្រក់មួយនេះ ។ ដោយនាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រីខារី ឡាំ បាននិយាយថា អ្នកស្រុកនឹងតម្រូវឱ្យឆ្លងកាត់ការតេស្តចំនួនបីជុំ ដែលចាប់ផ្តើមពីពាក់កណ្តាលខែមីនា រយៈពេលមួយទៅបីខែខាងមុខគឺចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រោះជំងឺនេះវារាលដាលកាន់តែឆាប់រហ័ស ដែលស្ទើរតែហួសពីលទ្ធភាពរបស់រដ្ឋាភិបាល ហុងកុងក្នុងការដោះស្រាយទៅហើយ។ គោលការណ៍នេះគឺដើម្បីព្យាយាមលុបបំបាត់ការឆ្លងមេរោគដោយការរកឃើញដំបូង ការតាមដានការឆ្លងមេរោគលម្អិត និងការដាក់ឱ្យនៅដាច់ពីគេយ៉ាងតឹងរ៉ឹង និងការរឹតបន្តឹងការធ្វើដំណើរផ្សេងៗ។ ទីក្រុងហុងកុងត្រូវបានគេកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់របស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំកន្លងមក ប៉ុន្តែឥឡូវនេះការឆ្លងបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការផ្ទុះឡើងនៃមេរោគ Omicron មក។

គួរបញ្ជាក់ផងដែរថាទីក្រុងហុងកុងមានការឆ្លងមេរោគ កូវីដ ថ្មីចំនួន ៥៣,០០០ ចាប់តាំងពីខែមករាមក ប៉ុន្តែមនុស្សជាច្រើនបានព្រមានថាចំនួននេះអាចនឹងមានកម្រិតខ្ពស់ជាងនេះប្រសិនបើមិនមានវិធានការណាមួយនោះ៕ ប្រភព៖ Khaosod