ប្រទេសថៃ៖ អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ បង្ហោះរូបថតមួយសន្លឹកដែលទទួលផ្កាកុលាបជាច្រើនទងពីប្រជាជន នៅថ្ងៃបុណ្យនៃក្តីស្រលាញ់កាលពីឆ្នាំកន្លងទៅ និងបង្ហាញនូវសេចក្ដីនឹករលឹក ព្រមទាំងក្ដីស្រឡាញ់មិនចេះប្រែប្រួលទៅកាន់ប្រជាជនដែលធ្លាប់ស្រឡាញ់ និងស្មោះត្រង់ជាមួយលោកស្រីរហូតមក និងតែងតែទទួលសេចក្តីស្រឡាញ់ពីប្រជាជន ទោះបន្លាផ្កាកុលាបមុតដៃក៏មិនមានអារម្មណ៍ថាឈឺចាប់អ្វីឡើយ។

នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃបានធ្វើការបង្ហោះនូវរូបភាពក្នុងថ្ងៃនៃក្ដីស្រឡាញ់មួយនេះ ដោយរូបថតនោះកាលពីលោកស្រីកំពុងទទួលផ្កាកុលាបពីប្រជាជនជាច្រើនរយទងក្នុងថ្ងៃនៃក្ដីស្រឡាញ់កាលពីឆ្នាំកន្លងទៅ​ ក្នុងនោះលោកស្រីក៏បានភ្ជាប់ជាមួយនឹងសារដ៏សែនកក់ក្ដៅ និង គួរឱ្យរំភើបនៅក្នុងអត្ថន័យនោះថា

“មនុស្សជាច្រើនបានផ្តល់អត្ថន័យខុសៗគ្នាចំពោះថ្ងៃនៃក្តីស្រលាញ់ សម្រាប់ខ្ញុំវិញក្ដីស្រឡាញ់គឺការលះបង់ ក្ដីស្រឡាញ់គឺជាការបង្ហាញពីភាពស្មោះត្រង់ ដែលបង្ហាញតាមរយៈទឹកមុខ និងទង្វើជាពិសេសនៅក្នុងពិភពសម័យទំនើប ដែលរាល់វិនាទីត្រូវបានកត់ត្រាទុកជាមួយនឹងទង្វើទាំងអស់នោះ ការបង្ហាញនៃសេចក្តីស្រឡាញ់ត្រូវបានផ្ដល់ឱ្យដោយមិនអាចរារាំងវាបាន ឬមិនអាចបញ្ឆោតការពិតដែលអាចបង្ហាញចេញពីបេះដូងបាននោះទេ ដូច្នេះធ្វើឱ្យខ្ញុំគិតត្រឡប់ទៅពេលដែលខ្ញុំមានឱកាសបម្រើ ប្រជាពលរដ្ឋក្នុងនាមជានាយករដ្ឋមន្ត្រីមិនថាទៅដល់ទីណាទេ ប្រជាជនថៃតែងតែផ្ដល់ ភាពស្មោះត្រង់ សេចក្ដីស្រឡាញ់ ស្នាមញញឹមដ៏កក់ក្ដៅ កែវភ្នែកដែលពោរពេញដោយក្តីស្រលាញ់ មកកាន់ខ្ញុំជានិច្ច។ ពេលដែលខ្ញុំទទួលផ្កាកុលាបក្រហមពីអ្នកទាំងអស់គ្នា វាបានផ្ដល់នូវការលើកទឹកចិត្តដ៏ធំធេង ទោះបីផ្កាទាំងអស់នេះវាអាចបណ្តាលឱ្យមុតដៃដោយសារតែបន្លាក៏ដោយ ប៉ុន្តែខ្ញុំនៅតែអាចញញឹមបាន ហើយទោះត្រូវមុតបន្លារាប់រយពាន់ក៏គ្មានបញ្ហាសម្រាប់ខ្ញុំដែរ ព្រោះសេចក្ដីស្រឡាញ់ដែលប្រជាជនផ្ដល់ឲ្យគឺវាមានអត្ថន័យធំជាងនេះ ដូច្នេះវាជាថ្ងៃនៃក្តីស្រឡាញ់ដែលខ្ញុំនឹកអ្នកទាំងអស់គ្នាមិនអាចបំភ្លេចបាន។ ហើយជាចុងក្រោយ នៅថ្ងៃនៃសេចក្តីស្រឡាញ់នេះខ្ញុំសូមបង្ហាញក្តីស្រលាញ់ចំពោះប្រជាជនដែលមានចិត្តស្មោះមិនចេះប្រែប្រួល និងសូមជូនពរអ្នករាល់គ្នាជារៀងរាល់ថ្ងៃនៃក្តីស្រឡាញ់ជួបតែសេចក្ដីសុខសប្បាយទាំងរាងរហូតទៅ”៕ ប្រភព៖ Sanook