រាជធានីភ្នំពេញ ៖ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍គ្រប់គោលដៅទាំងអស់ ត្រូវបញ្ឈប់សកម្មភាពចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗតាមដងផ្លូវតទៅទៀត ព្រោះការធ្វើបែបនេះ វាល្មើសនឹងវិធានការច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នគរបាលចរាចរណ៍ថែមទៀត។

នៅក្នុងកិច្ចប្រជុំប្រចាំខែមករា និងទិសដៅបន្តប្រចាំខែកុម្ភ: របស់ផែនការងារចរាចរណ៍ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ លោកស្នងការ បានធ្វើការណែនាំដល់កម្លាំងចរាចរណ៍ទាំងអស់ គ្រប់គោលដៅត្រូវទទួលខុសត្រូវខ្ពស់បំផុត លើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសត្រូវល្បាតចល័តជាប្រចាំតាមដងផ្លូវសំខាន់ៗ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មុននឹងចេញ អនុវត្តការងារតាមគោលដៅ ត្រូវតែធ្វើការត្រួតពិនិត្យមើលឱ្យបានល្បាស់លាស់លើការស្លៀកពាក់ ឱ្យបានត្រឹមត្រូវ ស្អាតបាត ស័ក្តិសមជាកងកម្លាំងនរបាលជាតិ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ បានផ្តល់មតិណែនាំល្អៗជាច្រើន ដល់សមាជិកនៃអង្គប្រជុំ ជាពិសេសការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវមានការបែងចែក តួនាទីភារកិច្ច លោកនាយរងការិយាល័យទាំងអស់ ត្រូវតែចុះត្រួតពិនិត្យកម្លាំងតាមគ្រប់គោលដៅ ពិនិត្យទាំងសម្ភារ: ព្រមទាំងធ្វើការណែនាំអនុវត្តការងារឲ្យបានត្រឹមត្រូវ អនុវត្តប្រកបដោយកាយវិការ និងប្រើប្រាស់សម្តីឲ្យបានសមរម្យ លុបបំបាត់ឲ្យបាននូវការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀត ណែនាំ ឲ្យគ្រប់គោលដៅត្រួតពិនិត្យមិនឲ្យមានរ៉ឺម៉កដឹកធ្យូង ដឹកសម្លៀកបំពាក់ ចូលទីតាំង ឬផ្លូវដែលសាលារាជធានីភ្នំពេញ បានធ្វើការហាមឃាត់ មួយវិញទៀតនៅពេលប្រជាពលរដ្ឋបើកបរល្មើសច្បាប់ សូមពន្យល់ណែនាំគាត់ឲ្យបានច្បាស់អំពីកំហុសរបស់គាត់ ជាមួយសម្តី និងកាយវិការសមរម្យ ជាពិសេសរាល់ការផាកពិន័យត្រូវតែចេញបណ្ណផាកពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់ ហាមមិនឲ្យមានការឈ្លោះប្រកែកជាមួយអ្នកស្រវឹងជោគជាំ ជាមួយអ្នកបង្កការអុកឡុកនៅទីកន្លែងកើតហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពរួមរបស់សង្គម ត្រូវនាំបុគ្គលដែលប្រព្រឹត្តខុសទាំងនោះយកមកសួរនាំនៅអង្គភាព ត្រូវអនុវត្តចំពោះរថយន្តធុនធំ ដែលចូលខុសម៉ោង មួយវិញទៀត កម្លាំងចរាចរណ៍គ្រប់គោលដៅ ត្រូវតែជួយសម្រួលចរាចរណ៍ឱ្យបានល្អ ចំពោះក្បួនរថយន្តអាទិភាព ដូចជាក្បូនថ្នាក់ដឹកនាំកំពូលៗ ក្បូនគណប្រតិភូជាតិ អន្តរជាតិ ក៏ដូចជារថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គោះបន្ទាន់ ។ល។ប៉ូលីសចរាចរណាដែលបើកបរល្មើសច្បាប់ នឹងផាកពិន័យតាមច្បាប់ដោយគ្មានការលើកលែង -  Khmer Times