ខេត្តក្រចេះ ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង បាននឹងកំពុងបើកលេងយ៉ាងពេញបន្ទុក នៅស្រុកព្រែកប្រសព្វ គឺលេងទាំងថ្ងៃទាំងយប់ កំពុងតែពង្វក់ប្រជាពលរដ្ឋឲ្យធ្លាក់ក្នុងរណ្តៅអបាយមុខ ភ្លេចអស់ការងាររកប្រាក់ចិញ្ចឹមគ្រួសារ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះឲ្យរលាយហិនហោច។
ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារល្បែងស៊ីសងនេះ បានរាយការណ៍ប្រាប់អង្គភាព«KBN» ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះថា ក្នុងមូលដ្ឋាននៅភូមិព្រែកប្រសព្វលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានបនល្បែងស៊ីសងដុះស្លែមួយកន្លែង នៅចំណុចហាងលក់បាយមាន់ និងកុយទាវ ឈ្មោះបូ រម្យ ភេទស្រី ដែលកំពុងតែពង្វក់ពលរដ្ឋនៅក្នុងភូមិយ៉ាងពេញបន្ទុក តែមិនឃើញអាជ្ញាធរពាក់ព័ន្ធចុះមកបង្រ្កាបសោះ សង្ស័យតែត្រូវដងត្រូវផ្លែ ជាមួយម្ចាស់ទីតាំងល្បែងស៊ីសងនេះហើយ។
ប្រភពបន្តថា ហាងលក់បាយ គុយទាវ របស់ស្រ្តីឈ្មោះបូ រម្យ ពេលព្រឹកលក់បាយគុយទាវធម្មតា តែពេលរសៀលវិញ គឺបើកលេងល្បែងស៊ីសងតាមអនឡាញ (បញ្ជល់មាន់ ) ភ្នាល់ដាក់ប្រាក់ ហើយពេលល្ងាចនិងពេលយប់វិញ លេងបៀអាប៉ោង មិនឲ្យស្ងាត់ទេ ។ ជួនកាលអ្នកលេងល្បែងនៅទីនោះ កើតមានជម្លោះនឹងគ្នា ផ្អើលអស់អ្នកជិតខាង ដែលបង្កអសន្តិសុខជាខ្លាំង។ ម្យ៉ាងទៀត ព្រោះតែបនល្បែងរបស់ស្រ្តីឈ្មោះបូ រម្យ បានធ្វើឲ្យគ្រួសារមួយចំនួនរស់នៅមិនបានសុខសុភមង្គលទេ តែងកើតមានរឿងរកាំកូសនឹងគ្នា ដោយសារតែលោកប្តីៗមួយចំនួន បានវក់លេងល្បែងស៊ីសង ពោលគឺមួយថ្ងៃៗពពាក់ពពួនគ្នាលេងល្បែង ភ្លេចអស់ការងាររកប្រាក់ចិញ្ចឹមប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយថ្ងៃណាចាញ់ប្រាក់ច្រើនក្រពុលមុខ គឺពេលមកដល់ផ្ទះដឹងតែរករឿងជាមួយប្រពន្ធ ឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារទៀតផង ។
ពលរដ្ឋ នៅឃុំព្រែកប្រសព្វ បញ្ជាក់ថា សព្វថ្ងៃនេះ ពួកគាត់ស្រលាញ់ពេញចិត្តនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលណាស់ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មិនដែលអនុវត្តន៍ឡើយ ដោយបណ្តែតបណ្តោយឲ្យមានបទល្មើសល្បែងស៊ីសងកើតព្រោងព្រាត។ តែយ៉ាងណា ពួកគាត់សង្ឃឹមថា ក្រោយពីមានការចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន «KBN» នេះរួច អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ខេត្ត នឹងចុះបង្រ្កាបទីតាំងល្បែងស៊ីសងរបស់ស្រ្តីឈ្មោះបូ រម្យ ជាមិនខាន។
ជុំវិញនឹងករណីនេះ « KBN» រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕https://blogger.googleusercontent.com/img/a/AVvXsEgiH4IVH_uXXir29xLJN99xh0Z3DG6JjmKykvydSVkDj0sucmzshKzqoYSLctCJid3NPGmovPbA9R79932oaUaV3l15FZC8EJMXtbcyhfJCv1G5FA0mYWLitTOMwHvkeq163wr8jyI5FgWSxdfkF52Ygq2m8q9TrPy7EAKCGAhVWePkPGA26tXbKHtO=s960