ការដេញថ្លៃជាមួយនឹងត្បូងពេជ្រពណ៌ខ្មៅដ៏កម្រមួយមានទម្ងន់រហូតទៅដល់ ៥៥៥.៥៥ ការ៉ាតត្រូវបានបញ្ចប់ការដេញថ្លៃ ឯតម្លៃវិញ ៤លាន ៣សែនដុល្លារជាង។

កាលពីថ្ងៃទី ១០ ខែកុម្ភៈ សារព័ត៌មាន BBC បានរាយការណ៍ ថាពេជ្រខ្មៅមានអាយុរាប់ពាន់លានឆ្នាំ ត្រូវបានគេជឿថាជាពេជ្រកាត់ដ៏ធំបំផុតនៅក្នុងពិភពលោកឈ្មោះថា The Enigma លក់ក្នុងតម្លៃ ៤លាន ៣សែនដុល្លារជាង ។ ដោយនៅពីក្រោយត្បូងពេជ្រពណ៌ខ្មៅមួយនេះមានទម្ងន់៥៥៥.៥៥ ការ៉ាត់ មានទម្ងន់ប្រហាក់ប្រហែលនឹងចេកមួយផ្លែ ដោយលោក Suthebys ដែលបានបើកការដេញថ្លៃបានពិពណ៌នាអំពីពេជ្រខ្មៅមួយនេះថាជាអច្ឆរិយវត្ថុដ៏កម្របំផុតមួយ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ ដែលមនុស្សលោកស្គាល់ ព្រោះវាគឺជាត្បូងពេជ្រធម្មជាតិដ៏ល្អបំផុត និងកម្របំផុតដែលត្រូវបានរកឃើញតែនៅក្នុងប្រទេសប្រេស៊ីល និងសាធារណរដ្ឋអាហ្វ្រិកកណ្តាលប៉ុណ្ណោះ។ ហើយគេបានឱ្យដឹងថាពេជ្រប្រភេទនេះគឺកកើតឡើងដោយសារតែសារធាតុរ៉ែដែលមានតែនៅក្នុងអាចម៍ផ្កាយប៉ុណ្ណោះ ដូច្នេះហើយទើបគេជឿថាដើមកំណើតរបស់វាមកពីលំហខាងក្រៅ។ ក្រៅពីនោះ The Enigma ក៏ត្រូវបានគេដាក់ចេញសម្រាប់ទ្រឹស្តីជាច្រើនអំពីប្រភពដើមរបស់វា រួមទាំងទ្រឹស្តីដែលថាវាជាផ្នែកមួយនៃអាចម៍ផ្កាយដែលបានធ្លាក់មកផែនដីតាមរយៈការកកិតបរិយាកាសផងដែរ។

ថ្វីត្បិតតែដើមកំណើតពិតនៃពេជ្រខ្មៅពោរពេញដោយអាថ៌កំបាំងក៏ដោយ តែគេដឹងថាពេជ្រខ្មៅជាធម្មតាមានអាយុចាប់ពី ២.៦ ទៅ ៣.២ពាន់លានឆ្នាំ ដែលជាពេលវេលាមុនដាយណូស័រ ខណៈពេលដែលផែនដីយើងមានអាយុកាល ៤.៦៥ ពាន់លានឆ្នាំ វាបញ្ជាក់ថាអាយុពេជ្រខ្មៅមួយប្រភេទនេះ និងផែនដីមិនលើសគ្នាប៉ុន្មាននោះទេ៕ Khaosod