ថៃ៖ ពលរដ្ឋថៃពាសពេញផ្ទៃប្រទេសបានងាកមកបរិភោគសាច់ក្រពើវិញ នៅ​ចំពោះ​មុខ​ការ​ឡើង​ថ្លៃ​សាច់​ជ្រូក ខណៈសាច់​ក្រពើ​ឥឡូវ​នេះមាន​តម្លៃ​សមរម្យ​ជាង​សាច់​ជ្រូក ហើយ​អ្នក​បរិភោគបាន​លាន់មាត់ថា ​វា​គឺជា​ជម្រើស​ដ៏​ល្អបំផុតដែលសាច់ក្រពើមានរសជាតិឆ្ងាញ់​​​ដូច​ទៅនឹងសាច់មាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotiantimes

រលកនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិក (ASF) បានបោកបក់ពេញប្រទេសថៃ ដោយធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់ឧស្សាហកម្មចិញ្ចឹមជ្រូករបស់ប្រទេសចាប់តាំងពីឆ្នាំមុន កសិករ​ចិញ្ចឹម​ជ្រូក​ថៃ​បាន​បាត់​បង់​អាជីវកម្ម​ដោយសារ​ជ្រូកងាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ខណៈ​ការ​ខ្វះខាត​សាច់​ជ្រូក​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​ឱ្យ​តម្លៃ​ឡើង​ថ្លៃ​ពី ១៥០បាត​ក្នុង​មួយ​គីឡូក្រាម ​ដល់​ទៅ២៤០បាតក្នុង​មួយ​គីឡូក្រាម។

កសិដ្ឋានចិញ្ចឹមក្រពើឥឡូវនេះកំពុងតែកាក់កបនៅក្នុងការរកចំណូលក្នុងវិបត្តិសាច់ជ្រូក ជាមួយនឹងការកើនឡើងនៃតម្រូវការ ដោយឃើញតម្លៃសាច់ក្រពើឡើងដល់ចន្លោះពី ៨០ ទៅ ១៩០បាតក្នុងមួយគីឡូក្រាម។ការទិញភាគច្រើនទាក់ទាញតម្លៃថោក ដោយផ្នែកដែលថ្លៃបំផុតគឺកន្ទុយ ដែលអ្នកលក់និយាយថាមានសាច់ទន់ៗហើយមានជាតិខ្លាញ់តិច ក៏ប៉ុន្តែទោះបីជាតម្លៃកើនឡើងក៏ដោយ ក៏សាច់ក្រពើនៅតែមានតម្លៃថោកជាងសាច់ជ្រូកទៅទៀត។

យោងតាមរបាយការណ៍របស់ Nikkei Asia ក្រសួងកសិកម្មរបស់ប្រទេសថៃបាននិយាយថា មនុស្សប្រហែល ១ ១៥០នាក់ នៅក្នុងប្រទេសថៃ ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ឬពាក់ព័ន្ធនឹងអាជីវកម្មជួញដូរក្រពើ ខណៈទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនៃការចាប់អារម្មណ៍ពីសាធារណជន កសិករចិញ្ចឹមក្រពើ ដែលត្រូវការចិញ្ចឹមសត្វរបស់ពួកគេយ៉ាងហោចណាស់ ៣ ទៅ ៤ឆ្នាំ មុនពេលពួកគេអាចលក់ក្រពើចេញបាន ៕