រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលស្ថានការណ៍កាន់តែតានតឹងឡើង រវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន នោះ សហរដ្ឋអាមេរិក បានដឹកគ្រឿងសព្វាវុធ មានតម្លៃប្រហែល២០០លានដុល្លារសហរដ្ឋអាមេរិក យកទៅជួយដល់កងទ័ពអ៊ុយក្រែន សម្រាប់ត្រៀមទប់ទល់នឹងការឈ្លានពាន។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថា យន្ដហោះយោធារបស់សហរដ្ឋអាមេរិក បានដឹកជំនួយជាគ្រឿងសព្វាវុធ មានតម្លៃ ២០០លានដុល្លារ បញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន។ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក បានកើតឡើង ចំពេលទីក្រុងវ៉ាស៊ីនតោន និង លោកខាងលិច ព្រួយបារម្ភកាន់តែខ្លាំងឡើង ពីការឈ្លានពានរបស់រុស្ស៊ី មកលើទឹកដីអ៊ុយក្រែន។

លោក Oleksii Reznikov រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនយន្តហោះយោធារបស់សហអាមេរិក ចុះចតនៅទីក្រុងគៀវ កាលពីថ្ងៃអង្គារ ទី២៥ ខែមករា ថា «សម្ពន្ធមិត្តរបស់យើងកំពុងតែបង្កើននូវចំនួនផ្តល់ជំនួយសម្ភារយោធា ហើយនៅថ្ងៃនេះដែរ យើងក៏កំពុងត្រៀមទទួលយន្តហោះទី៣របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។

សហរដ្ឋអាមេរិក បានដឹកជញ្ជូនគ្រឿងសឹកជាច្រើន តាមយន្ដហោះយោធា ទៅដល់អាកាសយានដ្ឋានអន្តរជាតិ បូរីស្ពីល (Boryspil) ប្រទេសអ៊ុយក្រែន រួមមាន គ្រាប់មីស៊ីលចាវេលីន (Javelin) និង ជើងទម្របាញ់។ សកម្មភាពរបស់សហរដ្ឋអាមេរិក បានកើតឡើងចំពេល មានសេចក្ដីរាយការណ៍ថា រុស្ស៊ី កាលពីថ្ងៃទី២៥ ខែមករា បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅតំបន់ក្បែរព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

បើគិតចាប់តាំងពីរុស្ស៊ី បានដាក់ឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន បញ្ជូលទៅក្នុងទឹកដីរបស់ខ្លួននោះមក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាង២,៧ពាន់លានដុល្លារដល់ប្រទេសធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀតមួយនេះ។ កាលពីឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយគាំទ្រផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែន ប្រមាណ៦៥០លានដុល្លារ៕