សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃធ្ងន់ធ្ងរនៅរដ្ឋកាលីហ្វ័រញ៉ាយ៉ាងហោចណាស់មនុស្ស ៥០០ នាក់ត្រូវជម្លៀសចេញ ខណៈដែលខ្យល់បក់ខ្លាំងបានបណ្តាលឱ្យភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័សរហូតមកដល់ផ្ទៃដី ជិត ៣.៨០០ ហិកតាត្រូវបានភ្លើងឆេះបំផ្លាញ។

នៅថ្ងៃទី ២៤ ខែមករា ឆ្មាំ២០២២ អ្នកពន្លត់អគ្គីភ័យនៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកបានបង្ហាញថាបច្ចុប្បន្ននេះភ្លើងឆេះព្រៃកំពុងឆេះនៅភ្នំខ្ពស់មួយតាមបណ្តោយឆ្នេរភាគខាងលិចរដ្ឋកាលីហ្វ័រញ៉ាហៅថាតំបន់Big Sur ភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅរហូតធ្វើឱ្យមេឃឡើងប្រែពណ៌ទឹកក្រូច និងអាចមើលឃើញពីចម្ងាយនៃគ្រោះអគ្គិភ័យដ៏ខ្លាំងមួយនេះបាន។ ការឆេះព្រៃនេះផងដែរគឺបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី២១ ខែមករា ហើយពេលនេះវាបានឆេះលេបត្របាក់ និងគ្របដណ្តប់លើផ្ទៃដីជិត ៣.៨០០ ហិកតា ដោយអាជ្ញាធរបានគ្រប់គ្រងភ្លើងបានត្រឹមតែ ៣៥ ភាគរយប៉ុណ្ណោះ ដោយសារតែមានខ្យល់បក់ខ្លាំង និងតំបន់នោះមានសំណើមតិច ដែលឧបសគ្គក្នុងការគ្រប់គ្រងភ្លើងដ៏ខ្លាំងមួយនេះ ដោយឡែកគេក៏មិនទាន់បានបញ្ជាក់ពីមូលហេតុនៃការឆេះមួយនេះច្បាស់លាស់នោះទេ។

យ៉ាងណាមិញក្នុងពេលជាមួយគ្នានោះផងដែរ យ៉ាងហោចណាស់មនុស្ស ៥០០ នាក់ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ហើយក៏មិនមានសេចក្តីរាយការណ៍ថាមានអ្នករបួសឬស្លាប់ក្នុងហេតុការណ៍នោះទេ ប៉ុន្តែរបាយការណ៍បន្ថែមទៀតថាមានអគារខូចខាតមួយចំនួន ដែលបណ្តាលឱ្យមានការប្រកាសបិទផ្លូវ និងស្ពាន Bixby Bridge  ដែលជាស្ពានមានការពេញនិយមពីភ្ញៀវទេសចរជាខ្លាំង៕ ប្រភព៖ Thairath