ថៃ៖ គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃចន្ទបានបើកភ្លើងខៀវលើសំណើដាក់បញ្ចូលសាច់មាន់ទៅក្នុងបញ្ជីត្រួតពិនិត្យតម្លៃរដ្ឋ និងវិធានការតឹងរ៉ឹងសម្រាប់អ្នកចិញ្ចឹមមាន់ កន្លែងសត្តឃាត និងរោងចក្រចំណីអាហារមាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost

អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា ការដាក់បញ្ចូលសាច់មាន់ដែលត្រូវបានគេចាត់ទុកថាជាប្រូតេអ៊ីនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ទូទៅ នៅក្នុងបញ្ជីត្រួតពិនិត្យតម្លៃរបស់រដ្ឋ គឺសំដៅកាត់បន្ថយការលំបាករបស់ប្រជាជនពីការឡើងថ្លៃម្ហូបអាហារ។

បញ្ជីត្រួតពិនិត្យតម្លៃភាគច្រើនគ្របដណ្តប់លើមុខទំនិញសំខាន់ៗសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចជាម្ហូបអាហារ ផលិតផលប្រើប្រាស់ ផលិតផលកសិកម្ម (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ ត្រាក់ទ័រ និងម៉ាស៊ីនច្រូតស្រូវ) សម្ភារសំណង់ ក្រដាស ប្រេងកាត និងថ្នាំពេទ្យ។

លោកស្រី Rachada Dhnadirek បានបញ្ជាក់បន្ថែមទៀតថា ជាមួយនឹងការកើនឡើងនៃតម្លៃទំនិញជាច្រើន រដ្ឋាភិបាលបានអនុវត្តវិធានការមួយចំនួនដើម្បីជួយរក្សាតម្លៃ ដោយក្រសួងពាណិជ្ជកម្មក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីអ្នកផលិត សហគ្រិន និងសមាគមដែលទាក់ទងនឹងម្ហូបអាហារ ដើម្បីរក្សាតម្លៃផលិតផលមួយចំនួន មិនត្រឹមតែសាច់មាន់ប៉ុណ្ណោះទេកុំឲ្យឡើងថ្លៃបន្តទៀត ៕