រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក ស្តីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗរួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយអនុវត្តវិធានការដូចខាងក្រោម៖

-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើម)។

-ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។

-គួរត្រូវជៀសវាង ការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត។

-ជៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបក្សីរស់ ឬសម្ភារៈនានា ជាពិសេស ត្រូវចេះត្រៀមលក្ខណៈទុកជាមុនពីចម្ងាយ ជៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើន នៅតាមទីផ្សារ ឬហាងនៅក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃនៃពិធីនានាជាដើម។

-ទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា។

-ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព។

-ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (បើត្រជាក់ ត្រូវតិចជាង៥អង្សាសេ និងបើក្ដៅ គឺត្រូវលើសពី៦០អង្សាសេ ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាចផ្អូម ឬមានដុះផ្សិត ដែលបង្កឱ្យមានការរាគរូស ឈឺពោះ ក្អួត ជាដើម។

-ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមនៅល្អ។ បើសង្ស័យថាមានឆ្លងវីរុសផ្ដាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន៖ គ្រុនក្តៅលើសពី ៣៨.៥ អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់សត្វបសុបក្សីឈឺ ឬស្លាប់ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទូរស័ព្ទមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតលោកអ្នក៕
https://blogger.googleusercontent.com/img/a/AVvXsEgJLl4zjPKopTeKKVLbpf4cKMB9GWlD-TFBHgKhSO-PdXkc9XnFylI3uDpkpdtyzUMBkj_1ZCszZeQUQVZGjFEmqd2XA0hTOlPCY7USUSKSasUJhm_Ca9Tu7_0G2L6BSCnhiXLzJbGoFBX1Aqg3ajcqMnxQL6QbJcECGbzkumZ4YhYUjGXsrHkItzQUvw=s1280
https://blogger.googleusercontent.com/img/a/AVvXsEiVG25ylp9zYjTf5RXaICYrSEWguY5rprY3gg4pTpMsJrMAxWkEXLlYIy0gI-VRjs6XKi_vdLXlmA6RoSclNOZ3m9RoY1DL3h9O1FXCgdHUtq0KOUCWtewu-hGFfDf84PY5aAb7VsDy4ShrGnkAID8H31F54JGpGxI3Z_xXHvYZApydfgorifehySiO-g=s1280
https://blogger.googleusercontent.com/img/a/AVvXsEim8lffISLOGjUI60-EGWGJqL7zZXRSjjgdmKus6__JZl1PJCVRDp8DgngUFoqe7js_-EqcEpseXgbMYHbnlRuh2yBTSnYqRoAJTc4mxXM9jwNikEWuwWCs3NmXKUyXL15lF4GG7QySlhrD1tkeFluldN_nR01O1Yky9I0I0Y0aNq1FAOIYOC0F7vRwKw=s1280