រាជធានីភ្នំពេញ ៖ ល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) មួយកន្លែងកំពុងបើកលេងទាំងយប់ថ្ងៃបានយ៉ាងរំភើយ នៅចំណុចផ្ទះលេខ៣៥៩ តាមបណ្តោយផ្លូវលេខ១២ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មិនឃើញអាជ្ញាធរ និងមានសមត្ថកិច្ចពាក់ព័ន្ឋ ទៅបង្រ្កាបសោះ។
តាមសេចក្តីរាយការណ៍ដែល«KBN» ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ល្បែងស៊ីសង នៅចំណុចទីតាំងខាងលើនេះ កំពុងបើកលេងល្បែងយ៉ាងរលូន ដោយមានក្មេងៗដែលភាគច្រើនមានសមាសភាពមិនល្អ បានទៅពពាក់ពពូនគ្នាចូលលេងល្បែងស៊ីសងនៅទីនោះ តែឆ្ងល់មិនឃើញសមត្ថកិច្ចចុះទៅបង្រ្កាបសោះ ពិសេសសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តែម្តង។
ប្រជាពលរដ្ឋ បាននាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខណ្ឌច្បារអំពៅ មិនព្រមទៅបង្រ្កាបទីតាំងល្បែងស៊ីសងនេះ សង្ស័យតែបានទទួលផលប្រយោជន៍ ពីម្ចាស់បើកល្បែងស៊ីសងខុសច្បាប់ ទើបធ្វើមិនដឹងមិនឮបែបនេះ។ តើឯណាទៅ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
ប្រជាពលរដ្ឋ សូមណុំពរមកដល់ ឯកឧត្តម ឃួង សេ្រង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីនេះផង កុំទុកឲ្យពង្វក់ពលរដ្ឋខ្មែរខ្លាំងពេក ៕ ដោយវិទូរ្យ