រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសារព្រមានជាថ្មី អំពីលទ្ធភាព រុស្ស៊ី នឹងប្រើប្រាស់កម្លាំងទ័ព វាយលុកលុយចូលទៅលើប្រទេសអ៊ុយក្រែន។

លោក Antony Blinken រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៨ ខែមករា (វេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានព្រមានសាជាថ្មីថា រុស្ស៊ីអាចនឹងប្រើប្រាស់កម្លាំងទ័ពវាយលុកលុយ ចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងនោះ លោក Antony Blinken ក៏បានទៅជួបសម្ព័ន្ធមិត្តសហភាពអឺរ៉ុប និង អ៊ុយក្រែន មុននឹងជួបលោក Sergei Lavrov រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រ ទី២១ ខែមករា។ នៅក្នុងជំនួបនោះ គេរំពឹង ប្រមុខការទូតសហរដ្ឋអាមេរិក និងសមភាគីរុស្ស៊ី នឹងដោះស្រាយបន្ធូរបន្ថយនូវភាពតានតឹង រវាងរុស្ស៊ី និង អ៊ុយក្រែន។

ក្រោយពេលទីក្រុងមូស្គូ បានបញ្ជូនកងទ័ពជាង១០០ ០០០នាក់ បំពាក់ដោយគ្រឿងសព្វាវុធធុនធ្ងន់ ទៅដាក់ពង្រាយ នៅតាមព្រំដែន ជាប់ជាមួយនឹងប្រទេសអ៊ុយក្រែន នោះ ធ្វើឲ្យមហាអំណាចលោកខាងលិច មានកង្វល់កាន់តែខ្លាំងឡើង ព្រោះរុស្ស៊ីធ្លាប់ប្រើប្រាស់កម្លាំងទ័ព រឹបអូសយកឧបទ្វីបគ្រីមៀរ ដាក់ចូលទឹកដីរបស់ខ្លួន កាលពីអំឡុងឆ្នាំ២០១៤រួចមកហើយ។ ប៉ុន្ដែសកម្មភាពកងទ័ពរបស់រុស្ស៊ី នាពេលនេះ ក៏កំពុងតែធ្វើឲ្យសហរដ្ឋអាមេរិក បង្កើនកម្រិតប្រកាសអាសន្ន និងអះអាង អំពីវិបត្តិកាន់តែធ្ងន់ធ្ងរឡើង អាចនឹងឈានដល់កម្រិតដ៏គ្រោះថ្នាក់បំផុតមួយ។

លោកស្រី Jen Psaki អ្នកនាំពាក្យជាន់ខ្ពស់សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា ឥឡូវនេះ យើងកំពុងស្ថិតនៅលើចំណុចមួយ អាចមើលឃើញយ៉ាងច្បាស់ ថា រុស្ស៊ីនឹងបើកការវាយប្រហារគ្រប់ពេលវេលា ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន។ ករណីនេះ គឺច្បាស់ជាងពេលណាៗទាំងអស់…»។

ស្របពេល រុស្ស៊ីកំពុងតែគំរាមកំហែង ពីការប្រើប្រាស់កម្លាំងយោធា ចូលឈ្លានពានប្រទេសអ៊ុយក្រែន នោះ កាណាដា បានបញ្ជូនកងទ័ពពិសេសរបស់ខ្លួន ទៅជួយដល់យោធារបស់ប្រទេសអ៊ុយក្រែន។ រីឯចក្រភពអង់គ្លេស ក៏បានបញ្ជូនមីស៊ីលប្រឆាំងនឹងរថក្រោះទៅកាន់ប្រទេសអ៊ុយក្រែន ហើយថែមទាំងបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅជួយបណ្ដុះបណ្ដាល និងបង្កើនសមត្ថភាពទប់ទល់នឹងរុស្ស៊ី ថែមទៀតផង៕