រាជធានីបាងកក៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលថៃ បានដាក់ចេញនូវផែនការថ្មី ដើម្បីប្រមូលលុយពីភ្ញៀវទេសចរបរទេស ដែលចូលមកដើរលេងកម្សាន្ដ នៅលើទឹកដីរបស់ខ្លួន ចាប់ពីខែមេសា ឆ្នាំ២០២២ ដោយសង្ឃឹមថា នឹងកើបលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន The Pattiya News បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យ រដ្ឋាភិបាលថៃ យកមកចុះផ្សាយថា ថៃគ្រោងនឹងប្រមូលលុយថ្លៃ ចូលមកកាន់ទឹកដីរបស់ខ្លួន ចំនួន៣០០បាត (លុយថៃ) ឬស្មើនឹងជាង៩ដុល្លារសហរដ្ឋអាមេរិក ពីភ្ញៀវទេសចរបរទេសទាំងអស់ ក្រោមគោលគំនិតជំរុញវិស័យទេសចរណ៍ «Amazing Thailand New Chapter»។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យ រដ្ឋាភិបាលថៃ បានថ្លែងថា ក្រសួងទេសចរណ៍ និង កីឡា ហើយអាជ្ញាធរទេសចរណ៍ថៃ (ហៅកាត់ TAT) នឹងចូលរួមផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ក្រោមគំនិតផ្ដួចផ្ដើមខាងលើនេះ ដោយចាប់ផ្ដើមពីខែមករា ឆ្នាំ២០២២នេះតទៅ។ គម្រោងនេះ នឹងផ្ដោតយ៉ាងសំខាន់ទៅលើគម្រោងសេដ្ឋកិច្ចថ្មីរបស់ថៃ ដោយរួមបញ្ចូលនូវគោលគំនិត នៃជីវសេដ្ឋកិច្ច សេដ្ឋកិច្ចវិលជុំ និង សេដ្ឋកិច្ចបៃតង ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ប្រាក់ចំណេញ ពីវិស័យទេសចរណ៍ ជូនដល់សហគមន៍មូលដ្ឋាន។

ទោះជាយ៉ាងណា នៅក្នុងអំឡុងត្រីមាសទី២ នៃឆ្នាំ២០២២ (ពីខែមេសា-មិថុនា) អាជ្ញាធរថៃនឹងចាប់ផ្ដើមប្រមូលលុយ តាមអ្វីដែលរដ្ឋាភិបាលថៃ ហៅ «ថ្លៃចូលទឹកដីថៃ ក្នុងម្នាក់៣០០បាត» ពីអ្នកទេសចរបរទេស។ លុយទាំងនោះ នឹងប្រើប្រាស់ ទៅលើការគ្រប់គ្រងវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ ក៏ដូចជា ការធានារាប់រង សម្រាប់អ្នកទេសចរ ខណៈធ្វើដំណើរកម្សាន្ដ នៅក្នុងប្រទេសថៃ ផងដែរ។

ក្រសួងទេសចរណ៍ និង កីឡារបស់ប្រទេសថៃ បានប៉ាន់ប្រមាណ ថា នៅក្នុងឆ្នាំ២០២២នេះ ថៃនឹងទទួលបាននូវប្រាក់ចំណួល ពីវិស័យទេសចរណ៍ ចន្លោះពី១,៣ពាន់ពាន់លានបាត ( 1.3 trillion =1 300 000 000 000) ឬស្មើនឹងជាង៣៩,១៥ពាន់លានដុល្លារ ($ 39 158 904 425) ទៅ១,៨ពាន់ពាន់លានបាត (1.8 trillion baht) ឬស្មើនឹងជាង៥៤,២២ពាន់លានដុល្លារ ($ 54 220 021 512) ។ ចំណែកភ្ញៀវបរទេស ប្រមាណ ចន្លោះពី៥-១៥លាននាក់ រំពឹងថា នឹងធ្វើដំណើរមកកាន់ប្រទេសថៃ ដោយបង្កើតបានប្រាក់ចំណួល ប្រហែល ៨០០ពាន់លានបាត ឬស្មើនឹងជាង២៤ពាន់លានដុល្លារ ($ 24 097 787 339) ថ្វីបើបច្ចុប្បន្ន កំពុងតែប្រឈមមុខនឹងរលកអូមីក្រុង នៅទូទាំងពិភពលោកក្ដី។

ក្រសួងទេសចរណ៍ និង កីឡារបស់ប្រទេសថៃ បានបន្ដថា បច្ចុប្បន្ន រដ្ឋាភិបាលថៃ បានបន្តបង្កើតគម្រោងថ្មី ដើម្បីជំរុញវិស័យទេសចរណ៍ ដើម្បីលើកទឹកចិត្តប្រជាជនថៃ ឱ្យធ្វើដំណើរកម្សាន្ដ នៅក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋាភិបាលរំពឹងថា វិស័យទេសចរណ៍ក្នុងស្រុក នឹងមានអ្នកដើរកម្សាន្ដ កើនដល់១៦០លាននាក់ ដោយបង្កើតប្រាក់ចំណូល រហូតដល់៧០០ពាន់លានបាត ឬស្មើនឹងជាង២១ពាន់លានដុល្លារសហរដ្ឋអាមេរិក ($21 085 563 921) នៅក្នុងឆ្នាំ២០២២៕