អ៊ុយក្រែន៖ ចក្រភព​អង់គ្លេស​កំពុង​បញ្ជូន​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​រយៈ​ចំងាយ​ខ្លី​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​សម្រាប់​ការពារ​ខ្លួន ក្រោយ​ពេល​រុ​ស្សី​ប្រមូលផ្តុំ​កងទ័ព ១០០.០០០​នាក់​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Ben Wallace​ ។

លោក​បាន​ថ្លែងប្រាប់​សមាជិក​សភា​ដូច្នេះ​ថា កងទ័ព​មួយ​ក្រុម​តូច​របស់​ចក្រភព​អង់គ្លេស​ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ​ដើម្បី​ផ្តល់​ការ​ហ្វឹកហាត់​ដល់​ទា​ហាន​អ៊ុយ​ក្រែ​ន​។

លោក​បញ្ជាក់​ថា មានការ​ព្រួយបារម្ភ​ពិតប្រាកដ និង​ត្រឹមត្រូវ​ដែល​ថា​កងទ័ព​រុ​ស្សី​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ធ្វើការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​រុ​ស្សី​បាន​បដិសេធ​រាល់​ផែនការ​ឈ្លានពាន និង​ចោទប្រកាន់​ប្រទេស​លោក​ខាងលិច​ថា​មាន​កំហឹង​។

កងទ័ព​អង់គ្លេស​ជា​ច្រើន​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​តាំងពី​ឆ្នាំ ២០១៥ ដើម្បី​ជួយ​បង្វឹក​កងកម្លាំង​អ៊ុយ​ក្រែ​ន ហើយ​ចក្រភព​អង់គ្លេស ក៏​បាន​ប្តេជ្ញា​ចិត្ត​ជួយ​កសាង​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​ផង​ដែរ​បន្ទាប់​ពី​មានការ​ឈ្លានពាន​របស់​រុ​ស្សី​លើ​តំបន់​គ្រី​មេ (Crimea) នៅ​ក្នុង​ឆ្នាំ ២០១៤​។

ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​ថ្លែង​ថា ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ការ​ជួយ​បន្ថែម​លើ​បញ្ហា​សន្តិសុខ​ក្រោម​ហេតុផល​នៃ​ការ​បង្កើន​អាកប្បកិរិយា​គំ​រា​ម​កំហែង​របស់​រុ​ស្សី​។ អា​វុ​ធ​ប្រឆាំង​រថ​ពោះ​ដែក​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ច័ន្ទ​។

លោក​ថ្លែងប្រាប់​សមាជិក​សភា​ដូច្នេះ​ថា «​អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​ការពារ​ព្រំដែន​របស់​ខ្លួន ហើយ​កញ្ចប់​ជំនួយ​ថ្មី​នេះ​ជួយ​ពង្រឹងសមត្ថ​ភាព​របស់​អ៊ុយ​ក្រែ​ន​»។

«​ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា ការ​គាំទ្រ​នេះ​មាន​អា​វុ​.​ធ​ការពារ​រយៈ​ចំងាយ​ខ្លី​។ អា​វុ​.​ធ​ទាំងនោះ​មិនមែន​ជា​អា​វុ​.​ធ​យុទ្ធសាស្ត្រ​ទេ និង​គ្មាន​ការ​គំ​រា​.​ម​កំហែង​ដល់​រុ​ស្សី​ឡើយ​។ អា​វុ​.​ធ​ទាំងនោះ​ត្រូវ​ប្រើ​ដើម្បី​ការពារ​ខ្លួន​»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រូប​នេះ​ដដែល​បញ្ជាក់​ទៀត​ថា «កញ្ចប់​ទណ្ឌកម្ម​អន្តរជាតិ​ត្រៀមខ្លួន​រួច​ជា​ស្រេច ប្រ​សិន​រុ​ស្សី​ចាត់វិធានការ​ធ្វើ​ឲ្យ​អ​ស្ថេ​រ​ភាព​នៅ​អ៊ុយ​ក្រែ​ន​»​។

លោក​បន្ថែម​ទៀត​ថា រាល់​ការ​ឈ្លានពាន​ទាំងឡាយ​នឹង​ចាត់ទុកជា​ចូល​កាន់កាប់​ដែល​អាច​នឹង​ធ្វើ​ឲ្យ​មានការ​បាត់បង់​អាយុ​ជី​វត​ទាំង​សង​សាង​។

«យើង​ប្រាថ្នា​ធ្វើ​ជា​មិត្ត​ជាមួយ​ប្រជាជន​រុ​ស្សី ដូចដែល​យើង​ធ្វើ​នឹង​គ្នា​អស់​រាប់រយ​ឆ្នាំ​មក​ហើយ​។ មាន​ពិភពលោក​ដែល​យើង​អាច​បង្កើត​ទំនាក់ទំនង​ប្រកបដោយ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយនឹង​រុ​ស្សី​»​។

«​ខ្ញុំ​នៅ​តែ​សង្ឃឹមថា​ការទូត​នឹង​ឈ្នះ​។ វា​គឺជា​ជម្រើស​របស់​ប្រធានាធិបតី Putin ថា​តើ​ជ្រើសរើស​យក​ការទូត និង​ការ​សន្ទនា ឬ​ជម្លោះ និង​ផលវិបាក​»​។

ចំណែក​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ចក្រភព​អង់គ្លេស​លោក Vadym Prystaiko បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត​របស់​អង់គ្លេស​ក្នុង​ការ​បញ្ជូន​អា​វុ​.​ធ និង​ទ័ព​បន្ថែម​ទៅ​ជួយ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​លោក​ថ្លែង​ថា បញ្ហា​ដ៏​ធំ​បំផុត​គឺថា អ៊ុយ​ក្រែ​ន​មិនមែន​ជា​សមាជិក​អង្គការ​ណា​តូ (Nato) ៕