សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានប្រកាសថា គ្រោងរៀបចំសង្ក្រាន្តសៀមរាបឡើងវិញបង្ហាញ​មោទនភាព​លើ​សមិទ្ធផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងដកខ្លួនចេញពីវិបត្តិ​កូវីដ-១៩ នាថ្ងៃ​បុណ្យចូលឆ្នាំខ្មែរខាងមុខ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានថ្លែងនៅក្នុងកិច្ចប្រជុំរបស់​គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះថា ជាមួយ​នឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសាសាកល្បងធំៗ ដើម្បី​ពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខបន្តទៀត។ ឯកឧត្តមសង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមិនា ឆ្នាំ២០២២​ខាង​មុខនេះ ខេត្តសៀមរាប នឹងអាចឆ្លងកាត់ពិធីកាត់ខ្សែបូរ សម្ភោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​ការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះហើយគោលដៅខាងមុខ បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ អាជ្ញាធរខេត្តគ្រោងនឹងរៀបចំឱ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរជាតិ និងទេសចរបរទេសផងដែរ។ ឯកឧត្ដមអភិបាលខេត្ដលើក​ឡើងថា ជុំវិញបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអទិភាពមួយដ៏ខាន់ ដែលត្រូវចាប់​ផ្តើម​ចេញពីការ​ជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀប​ចំសណ្តាប់​ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូរ​របស់ប្រជាពល​រដ្ឋ ជាដើម។ ជាមួយគ្នានេះ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារឱ្យ​មាន​ការចូលរួមពី​សំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូល​រួម​​ផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្តន៍។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការ​រីកចម្រើនទៅមុខជានិច្ច ហើយសំខាន់នៅក្នុងកាលៈទេសៈនេះ បើទោះជាផ្តោត​ទៅលើ​បញ្ហា​អ្វីក៏ដោយ តែមិនអាចបំភ្លចបានទេ គន្លឹះរក្សានិរន្តរភាព​នៃការបើកប្រទេសឡើងវិញ នោះគឺការបន្តដាក់ចេញនូវការជំរុញចលនាចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បើទោះជា​មានការកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន យល់ច្បាស់អំពី​គុណតម្លៃរបស់វ៉ាកសាំង និងដឹងច្បាស់កំពុងអនុវត្តន៍ វិធានសុវត្តិភាព ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតរបស់ខ្លួនយ៉ាងណាក៏ដោយ៕