ប្រជាកសិករដាំ ដំឡូងមីនៅខេត្តព្រះវិហារ បាននាំគ្នាសម្រុកប្រមូលផលយ៉ាងមមាញឹកនៅតាមបណ្ដាក្រុងស្រុក ក្នុងខេត្តដើម្បីលក់ឱ្យទាន់តម្រូវការរបស់ក្រុម ហ៊ុនដែលបានចុះកិច្ចសន្យាបញ្ជាទិញក្នុងតម្លៃខ្ពស់គួរសម។

ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី នៅស្រុកគូលែន ខេត្តព្រះវិហារ  លោកឆែម អួត បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាសហគមន៍កសិកម្មរបស់លោកកំពុងមមាញឹកខ្លាំងក្នុងការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ សម្រាប់ផ្គត់ផ្គង់លក់ជូនក្រុមហ៊ុន តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា លើបរិមាណសរុបជាង ៩,១៨៧តោន។ លោកបន្តថា សហគមន៍មាន សមាជិកដាំសរុប២៩២ គ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ៥១៨ហិកតា។ ប្រជាកសិករសហគមន៍មានភាពសប្បាយរីករាយយ៉ាងក្រៃលែង ខណ:ដែលទិន្នផលឆ្នាំនេះមានការកើនឡើង រីឯតម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនទទួលទិញក៏មានតម្លៃខ្ពស់ដែរ។

ដោយឡែក លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារវិញ បានលើកឡើងថា “ការប្រមូលផលដំណាំដំឡូងមីរបស់កសិករនៅទូទាំងខេត្ត សម្រេចបានប្រមាណជា ២៥%ហើយ ហើយកសិករសហគមន៍បាននិងកំពុងសម្រុកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន ទៅតាមកិច្ចសន្យាដែលបានគ្រោងទុក ដោយទទួលបានតម្លៃ៣៧៥រៀលក្នុងមួយគីឡូក្រាម។”

លោកប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ថា ក្នុងរដូវប្រមូលផលឆ្នាំ២០២១នេះ សម្រាប់ខេត្តព្រះវិហារ មានសហគមន៍ចំនួន០៩ ដែលមានសមាជិកសរុបជាង ១៣០០គ្រួសារ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ដំឡូងមីសរីរាង្គស្រស់លក់ទៅឱ្យក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ដែលមានក្រុមហ៊ុនថៃវ៉ាជាដៃគូលើបរិមាណសរុបជាង ៣៤,០០០តោន។

ជាមួយនេះ លោកក៏បានជំរុញលើកទឹកចិត្តទៅដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យចុះឈ្មោះចូលជាសមាជិកសហគមន៍ ដើម្បីងាយស្រួលក្នុងការលក់ផលិតផលកសិកម្មដូចជាដំឡូងជាដើម ដោយក្នុងនោះកសិករមិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ បង្កើនប្រាក់ចំណូលដល់សមាជិក និងសហគមន៍ មិនមានការកាត់ភាគរយទម្ងន់ ដោយក្នុង១តោន ក្រុមហ៊ុនគិតលុយជូន១០០០គីឡូពេញ បើធៀបជាមួយកសិករខាងក្រៅ គេកាត់ចាប់ពី១០ ទៅ២០% បន្ថែមពីនេះ កសិករក៏អាចទទួលបានពូជ និងការបណ្ដុះ បណ្ដាលពីក្រុមហ៊ុនលើជំនាញបច្ចេកទេសកសិកម្ម និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យទិន្នផលរបស់កសិករមានការកើនឡើង ព្រមទាំងទទួលបានធនធាន ក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគាត់ នៅកន្លែងផ្ទាល់ទៀតផង៕

ប្រភព: ក្រសួងព័ត៌មាន