រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានសម្រេចវិនិយោគលើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រ លើផ្ទៃទឹកសមុទ្រទំហំ ១ ៩៨៤ហិកតា នៅជិតតំបន់កោះដែកគោល និងកោះថាស ខេត្តព្រះសីហនុ។

នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ទទួលជួបលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ក្នុងគោលបំណងជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីវឌ្ឍនភាព និងស្នើសុំការណែនាំបន្ថែមពាក់ព័ន្ធនឹងផែនការវិនិយោគវារីវប្បកម្មសមុទ្រក្នុងបែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាបឋម លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ឯកឧត្តមរដ្ឋមន្រ្តី និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ដែលបានផ្តល់ឱកាស និងគាំទ្រចំពោះសំណើផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ដែលដំណាក់កាលទី ១ នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា។ លោកស្រីបន្ថែមថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្រ្តី និងមន្ត្រីជំនាញកន្លងមក ក្រុមហ៊ុនបានធ្វើការពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុន ដែលផែនការវិនិយោគនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនឲ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គមលើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រនេះមកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន ៕

https://blogger.googleusercontent.com/img/a/AVvXsEitqqBsZ_YubPpuhzYPb9g9MYoLX05hSx_M9HUO0R1Fvm1VaBibB6DFX6YmrPAyh5iTsf-pgk0eIWDSoJ2W_Yo9Dh1Q3pCeKA97C6FsGFBfmnsY-86Zu5QCXD7of2e7Kxw0ZQdK0TvspIivgLgVNsTRkoP8O-Pl07xhP7De7kUUoHPgN4GHM4L2tx1D=s1280

https://blogger.googleusercontent.com/img/a/AVvXsEhBSjRkocaeck-6Dne9F9n2siMHmC9U-T_iZOJtYXekRDwktT0D1C9YJtoDcFeH_Jal_B3uBp7qF_yYK0ZGFHXDmD5yvzm2-3snoBgRVsOBiXK2eqlBCPH0ShlmPEThH0QFmTOI5_EQ1_aXR6ooE_TAOnog-31FTcX47pvVLExm1T6m5Ab8tcWwbmO8=s960https://blogger.googleusercontent.com/img/a/AVvXsEhf8NTx0oOy0Nz0ksKMmrIuPKXv8RUD4azUAFFs8CzEjZP4nEXjshecPc87uhDu2Zfwhtt-UPYi-_iovLTeazzw4r4crWU6V27jZiQ6hMQ-O_3sJBxttGSe80lAt1P9syKXM0-LuAOJl8NgxfKM59SSasGCGi4sWohWI8Mu6AY2J3ubuAo7hF-24Pdd=s960

https://blogger.googleusercontent.com/img/a/AVvXsEjttN6Utyc83rNeGRuhApHWHGepl4BLUM9YaiJmmOiKkQ9O9avM_7GaKuR3gxWifRUNdnQTc_CxQH_C_ZIt4Dmm-ZxdxrSk6xuMYHWSmNEzwt2VwqPY3seIrx0lprxvC_028QU_TXGyMFMaoi7_mpC3sgdeSyx85hWFE8Bd_3dIQ4cuVQmC2ILUPVyK=s960