រដ្ឋធានីវ៉ាស៊ីនតោន៖ បន្ទាប់ពី​កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង១គ្រាប់ភ្លាម ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ហៅកាត់​​UNSC ហើយលើកយកបញ្ហានេះ មកដោះស្រាយ ហើយកិច្ចប្រជុំនេះ អាចនឹងធ្វើឡើង នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ថា​ ក្រោយពេលកូរ៉េខាងជើងបាញ់មីស៊ីល១គ្រាប់ បានរយៈពេល១ថ្ងៃ  សមាជិកអចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC ចំនួន៣ ក្នុងចំណោមប្រទេសចំនួន៥ ​រួមមាន សហរដ្ឋអាមេរិក, បារាំង និងចក្រភពអង់គ្លេស ព្រមទាំងសមាជិក UNSC ផ្សេងទៀត ដូចជា អៀរឡង់ដ៍ និងអាល់បានី ជាដើម​ បានដាក់សំណើ ​កាលពីថ្ងៃទី៦ ខែមករា (វេលានៅញូវយ៉ក សហរដ្ឋអាមេរិក) ដើម្បីឲ្យមានកិច្ចប្រជុំបិទទ្វារជាបន្ទាន់មួយ។ ប៉ុន្ដែ​សំណើរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនេះ  អាចនឹងធ្វើឡើង នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

ដោយឡែក​ មន្រ្ដីអង្គការសហប្រជាជាតិមួយរូប បានអះអាងថា ​នៅមិនទាន់មាន​សេចក្តីប្រកាសរួមណាមួយ ត្រូវបានគេរំពឹងថា អាចនឹងប្រកាស ក្រោយកិច្ចប្រជុំ នៅថ្ងៃចន្ទ ទី១០ ខែមករា នោះឡើយ។ បញ្ហានេះអាច​​មានត្រឹមតែការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសតែប៉ុណ្ណោះ។

បើតាមទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ KCNA បានចេញផ្សាយ​ថា «នៅក្នុងការធ្វើតេស្តមួយគ្រាប់ កាលពីថ្ងៃពុធ ទី៥ ខែមករា នោះ ជាប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេង​ ហើយត្រូវបានឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត បាញ់ចេញ និងហោះ នៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ។ មីស៊ីលនោះ​ បានវាយប្រហារចំគោលដៅ ប្រកបដោយជោគជ័យ​។ នេះមិនមែនជាអាវុធប្រភេទថ្មី ដែលកូរ៉េខាងជើងបានធ្វើតេស្តនោះឡើយ ហើយកាលពីខែកញ្ញា ឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានប្រកាសជាលើកទី១ ចំពោះការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ​ដើរប្រកៀកនឹងមហាអំណាចយោធាកំពូលៗ នៅលើលោក ​ងការអភិវឌ្ឍន៍អាវុធដ៏អស្ចារ្យបែបនេះ។

កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេង លើកទី១ នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១ និង លើកទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ សកម្មភាពរបស់កូរ៉េខាងជើង បានរំលោភបំពានទៅលើបម្រាមរបស់អង្គការសហប្រជាជាតិ។​ ដោយឡែក សកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង ត្រូវបាន​ក្រុមអង្កេតការយោធា នៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ចាប់បាន ហើយរិះគន់យ៉ាងខ្លាំងដល់ទីក្រុងព្យុងយ៉ាង ចំពោះទង្វើបែបនេះផងដែរ​៕