រដ្ឋធានីវ៉ាស៊ីតោន៖ ជោគវាសនាមនុស្សម្នាក់មើលមិនឃើញនោះឡើយ ហើយក៏គ្មានអ្នកណាម្នាក់បានដឹង ឬទស្សន៍ទាយពីថ្ងៃស្អែកបានដែរ តួយ៉ាងដូចជាអតីតកុមារខ្មែរម្នាក់ បានរត់ភៀសខ្លួន រួចផុតពីសេចក្ដីស្លាប់ នៅក្នុង​របបវាលពិឃាត ហើយជីវិតរសាត់អណ្ដែតយ៉ាងលំបាកវេទនា រហូតដល់សហរដ្ឋអាមេរិក និង មានវាសនាខ្ពង់ខ្ពស់បំផុត ក្លាយជាចៅហ្វាយក្រុងឡូវ៉ែល (Lowell) ដោយបានសម្ពោធឡើងកាន់តំណែង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

បើតាមសារព័ត៌មាន VOA Khmer បានផ្សាយថា លោក ចៅ សុខារី ​​ក្លាយជា​ពលរដ្ឋ​អាមេរិកាំងដើមកំណើតខ្មែរលើក​ដំបូង ​​បាន​ជាប់​ឆ្នោត​ជា​ចៅហ្វាយក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ លោក ចៅ សុខារី ​​ទទួល​បាន​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ដទៃ​ទៀត។  អតីត​កុមារ​ភៀសខ្លួន បាន​ខិតខំ​តស៊ូ​ រហូតបានសម្រេច​​​ក្តីសុបិន នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក បើទោះ​​ជា​កំព្រា​ឪពុក ​ដែល​ត្រូវ​បាន​របប​កុម្មុយនិស្ត​ខ្មែរ​ក្រហម​សម្លាប់​ក៏ដោយ។​

បើតាមសារព័ត៌មាន WGBH បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ថា នៅក្នុងអំឡុងឆ្នាំ១៩​៧៩ លោក ចៅ សុខារី ​ជាកុមារម្នាក់រត់​តាមម្តាយ និងបងប្អូនប្រាំមួយនាក់ ដើរឆ្លងកាត់ព្រៃ ខណៈ​ពួកគេបានរត់ភៀសខ្លួន ចេញ​ពីរបបវាលពិឃាតខ្មែរក្រហម ឆ្ពោះទៅកាន់ជំរំជនភៀសខ្លួន នៅក្នុងប្រទេសថៃ។ ប៉ុន្ដែជាភ័ព្វសំណាងដ៏ខ្ពស់បំផុតមួយរបស់ជនជាតិខ្មែរ កាល​ពី​ថ្ងៃ​ចន្ទ ទី៣ ខែមករា ឆ្នា២០២២ លោក ចៅ សុខារី ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​អភិបាល​ក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក ហើយលោកក្លាយជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរដំបូង បានកាន់តំណែងកំពូលនេះ។​

​លោក ចៅ សុខារី ​​ អភិបាលក្រុង Lowell  បានបញ្ជាក់យ៉ាងខ្លីថា ចាប់តាំងពីលោកបានមកដល់សហរដ្ឋអាមេរិក លោកមិនដែលនឹកស្មានដល់ថា ពលរដ្ឋខ្មែរ ក៏រូបលោកផ្ទាល់បានកាន់តំណែងកំពូល នៅក្នុងរដ្ឋ Lowell ដែលមានប្រជាពលរដ្ឋខ្មែរជាង១០ម៉ឺននាក់រស់នៅនោះឡើយ៕