រដ្ឋធានីវីយ៉ែន៖ ស្របពេលកិច្ចចរចា អំពីអាវុធមហាប្រល័យលោក កំពុងតែដំណើរការ នៅក្នុងទីក្រុងវីយ៉ែន (Vienna) ប្រទេសអូទ្រីស នោះ ប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ បានមើលឃើញថា ការចរចានាពេលនេះ នឹងនាំមកនូវផ្លែផ្កា ហើយអ្វីដែលសំខាន់បំផុតនោះ គឺការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសរបស់ខ្លួន។

បើតាមសារព័ត៌មាន Al Jazeera  បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា រដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា កិច្ចព្រមព្រៀង ស្ដីពីអាវុធមហាប្រល័យលោកជាមួយនឹងប្រទេសមហាអំណាចពិភពលោក អាចសម្រេចទៅបាន ប្រសិនបើភាគីលោកខាងលិច មានសុច្ឆន្ទៈ និង ចេតនាធ្វើដូច្នេះ។​​

លោក Hossein Amir-Abdollahian រដ្ឋមន្រ្ដីក្រសួងការបរទេស បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ថា កិច្ចព្រមព្រៀង ស្ដីពីកម្មវិធីអាវុធមហាប្រល័យលោក​នឹងអាចសម្រេចទៅបាន ប្រសិនបើទណ្ឌកម្មទាំងអស់ ត្រូវបានដកចេញ ពីការហ៊ុមព័ទ្ធមកលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។​

លោក Ali Bagheri Kani ប្រមុខអ្នកដឹកនាំកិច្ចចរចារបស់អ៊ីរ៉ង់ ​បានបញ្ជាក់ កាលពីថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ថា ការចរចា ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ​កំពុងតែប្រព្រឹត្តទៅនៅក្នុងទីក្រុងវីយ៉ែន (Vienna) ប្រទេសអូទ្រីស។ កិច្ចចរចានេះ​បានផ្តោតយ៉ាងសំខាន់ទៅលើការដកទណ្ឌកម្មរបស់អាមេរិក ដែលបានដាក់មកលើអ៊ីរ៉ង់ ហើយលោកសង្ឃឹមថា ​កិច្ចចរចា​ហាក់មានលក្ខណៈវិជ្ជមាន និងបោះជំហានទៅមុខ។​

លោក Ali Bagheri Kani បានធ្វើការលើកឡើងដូចខាងលើ មុនពេលចូលទៅកាន់សណ្ឋាគារ ផាឡេស ខូបឺហ្គ (Palais Coburg) ជាទីដែលកិច្ចចរចា ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ហៅកាត់«JCPOA»កំពុងតែប្រព្រឹត្តទៅ។ ​

ប្រមុខ​ដឹកនាំក្រុមអ្នក​ចរចាអ៊ីរ៉ង់រូបនេះ បានបន្ថែមថា ការដកទណ្ឌកម្មដ៏មានប្រសិទ្ធភាព ដែលសហរដ្ឋអាមេរិកបានដាក់មកលើអ៊ីរ៉ង់ ក៏ជាកូនសោគន្លឹះ សម្រាប់ឆ្ពោះទៅរកការសម្រេចបាននូវការព្រមព្រៀងគ្នាមួយ ​ប្រសិនបើគ្រប់ភាគី​បង្ហាញពីសុច្ឆន្ទៈប្រាកដប្រជា ក្នុងការដកទណ្ឌកម្មនោះ កិច្ចព្រមព្រៀងស្ដីពីកម្មវិធីអាវុធមហាប្រល័យលោករបស់អ៊ីរ៉ង់ នឹងពិតជាអាច​សម្រេចបានយ៉ាងឆាប់រហ័សបំផុតផងដែរ។

ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ចំនួន៥ របស់​ JCPOA រួមមាន ប្រទេសចិន រុស្ស៉ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបើកកិច្ចចរចាប៉ុន្មានលើករួចមកហើយ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដើម្បីព្យាយាមស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះឡើងវិញ ក្រោយពេលសហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចចិត្ត ដកខ្លួនចេញពីកិច្ចព្រមព្រៀងកម្មវិធីអាវុធនុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នឹងមិនចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចចរចា ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះឡើយ៕