រដ្ឋធានី Nur-Sultan ៖ ប៉ូលិសកាហ្សាក់ស្ថាន បានបាញ់សម្លាប់ក្រុមបាតុកររាប់សិបនាក់ ខណៈព្យាយាមសម្រុកទៅកាន់វិមានរដ្ឋាភិបាល ក្រោយពេលប្រធានាធិបតី នៃប្រទេសអាស៊ីកណ្ដាលមួយនេះ បានប្រកាសរំលាយគណៈរដ្ឋមន្រ្ដី ចំពេលប្រទេសមានភាពចលាចល ជុំវិញ​តម្លៃប្រេងឡើងថ្លៃ។​

​សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា ប៉ូលិស បានបញ្ជាក់ថា ប៉ូលិស កាលពីរំលងអធ្រាត្រ បានបណ្ដេញក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្ដុំគ្នា ធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល​​។ រីឯអាជ្ញាធរក៏បានដាក់ពង្រាយកងទ័ព ដឹកនាំដោយរុស្ស៊ី ចំពេលមានភាពវឹកវរកើតឡើង។

បើតាមបណ្ដាផ្សព្វផ្សាយ បានរាយការណ៍ថា​ ប៉ូលិសកាហ្សាក់ស្ថាន បានបាញ់សម្លាប់ក្រុមបាតុកររាប់សិបនាក់ ដែលបានព្យាយាមទៅកាន់វិមានរដ្ឋាភិបាល ខណៈ​សម្ព័ន្ធភាពយោធាដឹកនាំដោយរុស្ស៊ីបានអនុម័តឲ្យកងកម្លាំងរក្សាសន្តិភាពដល់ប្រទេសអាស៊ីកណ្តាលមួយនេះ ដើម្បីលុបបំបាត់ភាពចលាចល ជុំវិញការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ។​

លោកស្រី Saltanet Azirbek អ្នកនាំពាក្យប៉ូលិសកាហ្សាក់ស្ថាន (​ Kazakh) បានប្រាប់ដល់បណ្ដាញទូរទស្សន៍​ Khabar-24  នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ថា កម្លាំងជ្រុលនិយម​ បាន​ព្យាយាមពេញមួយយប់ ដើម្បីសម្រុកទៅកាន់វិមានរដ្ឋាភិបាល ក៏ដូចជា នាយកដ្ឋានប៉ូលិស នៅ Almaty ជាទីក្រុងដ៏ធំបំផុតរបស់ប្រទេស​នេះ។​

កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយរុស្ស៊ី បានអះអាងថា រុស្ស៊ីនឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់កាហ្សាក់ស្ថាន ដើម្បីរក្សាឲ្យបាននូវស្ថិរភាព ហើយអាជ្ញាធរ​បានស្តីបន្ទោសក្រុមបាតុករ ​បាន និងកំពុងធ្វើឲ្យប្រទេស​ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតសហភាពសូវៀតមួយនេះ ធ្លាក់ចូលក្នុងភាពចលាចល ដោយសារតែការលូកដៃពីបរទេស។​

ក្រុមបាតុករបានចេញមកតវ៉ាតាមដងផ្លូវ នៅក្នុងទីក្រុង និងចូលលុកលុយអគាររដ្ឋាភិបាលកាហ្សាក់ស្ថាន ព្រមទាំងបានដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ អស់ជាច្រើន​។ ដោយឡែក​រុស្ស៊ី បានចោទថា បាតុករបានចេញមកតវ៉ា ដោយកំហឹងបែបនេះ ព្រោះតែមានការដុតបញ្ឆេះពីបរទេសនោះ។

ជាមួយគ្នានេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN)  កាលពីថ្ងៃ​ពុធ ទី៥ ខែមករា បានអំពាវនាដល់គ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់ និងងាកមកដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។ ចំណែក​ប្រធានាធិបតីកាហ្សាក់ស្ថានលោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានស្នើទៅកាន់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយ​រុស្ស៊ី ហៅកាត់ថា CSTO ដែលមានសមាជិក សរុប៦ប្រទេស (សុទ្ធតែជារដ្ឋធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត) ឲ្យមកជួយទប់ស្កាត់នូវអ្វីដែលលោកហៅ​«ក្រុមភេរវករ» ដែលទទួលបានការហ្វឹកហ្វឺនពីបរទេស៕