រដ្ឋធានីហាណូយ៖ ​មនុស្សជាច្រើន បានដឹងរួចមកហើយថា​ វៀតណាម បានចាប់ផ្ដើមដាក់ដំណើរការលក់រថយន្ដអគ្គិសនីផលិតក្នុងស្រុករបស់ខ្លួន ជាលើកដំបូង ក្នុង​តម្លៃ ៣០ ២០០​ដុល្លារសហរដ្ឋអាមេរិក  ហើយនាំរថយន្ដប្រភេទនេះទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែស្ទើរ​មិនមានប្រជាពលរដ្ឋណាម្នាក់ បានស្គាល់អ្នកបង្កើតរថយន្ដនេះ ហើយអ្នកនោះជានរណា និងជាប្រភេទមនុស្សបែបណា។​

បើតាមសារព័ត៌មានវៀតណាម Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ថា  លោក  Pham Nhat Vuong ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និង ជាប្រធានក្រុមហ៊ុន  Vingroup​ ហើយគាត់ក៏ជា​អ្នកមានបំផុត នៅក្នុងប្រទេសវៀតណាម  និងជាមហាសេដ្ឋីលំដាប់ពិភពលោក ដោយមានទ្រព្យសម្បត្ដិ កើនដល់៧,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។​ មហាសេដ្ឋីរូបនេះ ជាស្ថាបនិករថយន្ដអគ្គិសនីដ៏ល្បីល្បាញរបស់វៀតណាម VinFast ហើយក្រុមហ៊ុននេះ ក៏ជាបុត្ដសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup ។ ក្រៅពីនេះ គាត់ក៏នៅមានក្រុមហ៊ុនជាច្រើនទៀត ទើបធ្វើឲ្យទ្រព្យសម្បត្ដិរបស់គាត់ កើនឡើងជាលំដាប់។

បើតាមសារព័ត៌មានជប៉ុន Nikkei Asia បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ថា ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម VinFast បានចាប់ផ្តើមលក់រថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសអាស៊ានមួយនេះ។  VinFast ​ក្លាយជាក្រុមហ៊ុនរថយន្តប្រើប្រាស់អគ្គិសនីដ៏ធំដំបូងគេ ត្រូវ​ប្រតិបត្តិការ នៅក្នុងប្រទេសវៀតណាម​។

ក្រុមហ៊ុន VinFast ​ជាបុត្ដសម្ពន្ធ នៃក្រុមហ៊ុន Vingroup ដ៏ធំបំផុតរបស់វៀតណាម នឹងលក់រថយន្តអគ្គិសនី ប្រហែល១០០​គ្រឿងដល់អតិថិជន នៅចុងខែធ្នូ ឆ្នាំ២០២១​។ ចំណែករថយន្តស្ព័រអគ្គិសនី មានតម្លៃ ៣0 ២00 ដុល្លារសហរដ្ឋអាមេរិក ហើយរថយន្ដប្រភេទនេះ អាចធ្វើដំណើរបាន ក្នុងចម្ងាយផ្លូវប្រហែល ៣00 គីឡូម៉ែត្រ ទើបបញ្ចូលភ្លើងអគ្គិសនីម្តង។ ក្រុមហ៊ុន VinFast គ្រោងនឹងចែកចាយរថយន្តអគ្គិសនី ចំនួន ២ 000 គ្រឿងទៀត នៅក្នុងខែមករា ឆ្នាំ២០២២។

ជាមួយគ្នានេះ ក្រុមហ៊ុន VinFast បានអះអាងថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញរថយន្ដអគ្គិសនី សរុបប្រហែល ២៥ 000 គ្រឿង។ ក្រុមហ៊ុន នឹងដាក់ដំណើរការ​លក់រថយន្ដអគ្គិសនីរបស់ខ្លួន នៅសហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងអំឡុងឆ្នាំ ២0២២ខាងមុខនេះ៕​