រដ្ឋធានីហាណូយ៖ គិតត្រឹមអំឡុង​ចុងខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ ទ្រព្យសម្បត្ដិសរុបរបស់មហាសេដ្ឋីវៀតណាម ចំនួន៦នាក់ បានកើនដល់ជិត២០ពាន់លានដុល្លារសហរដ្ឋអាមេរិក។​

បើតាមសារព័ត៌មានវៀតណាម Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា នៅត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីវៀតណាម ចំនួន៦នាក់ បានកើនឡើង ជិត​២០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយ​កើនឡើងជិត៣ពាន់លានដុល្លារ បើធៀបនឹង​តួលេខដែលទស្សនាវដ្ដី Forbes បានប្រកាស នៅដើមឆ្នាំ២០២២។​

នៅក្នុងអំឡុងដើមខែមេសា ឆ្នាំ២០២១ Forbes បានប្រកាសបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់ពិភពលោក ហើយក្នុងនោះមានមហាសេដ្ឋីវៀតណាម ចំនួន៦នាក់ផងដែរ។ នៅពេលនោះ ទ្រព្យសម្បត្ដិសរុបរបស់មហាសេដ្ឋីវៀតណាម ទាំងនេះ មានតម្លៃ ១៦,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។​ ប៉ុន្ដែចូលមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ Forbes ក៏បានប្រកាសទៀតថា ទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីវៀតណាម ទាំង៦នាក់នេះ កើនឡើង រហូតដល់ ១៩,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយកើនឡើង ជិត៣ពាន់លានដុល្លារ។ លទ្ធផលនេះ បានមកពីការកើនឡើងយ៉ាងខ្លាំង នៃតម្លៃភាគហ៊ុន នៃអាជីវកម្ម ដែលពាក់ព័ន្ធ ក្នុងអំឡុងឆ្នាំនោះ។​

បើតាម​ Forbes បានធ្វើបច្ចុប្បន្នភាព នៅត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ៖

១-លោក  Pham Nhat Vuong ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និង ជាប្រធានក្រុមហ៊ុន  Vingroup​ ហើយគាត់ក៏ជា​អ្នកមានបំផុត នៅក្នុងប្រទេសវៀតណាម ដោយមានទ្រព្យសម្បត្ដិ កើនដល់៧,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។​

២-លោក Tran Dinh Long ប្រធានក្រុមហ៊ុន ​Hoa Phat Group ឈរនៅលំដាប់ទី២ មានទ្រព្យសម្បត្ដិ ៣,១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

៣-លោក​ Ho Hung Anh ម្ចាស់ក្រុមហ៊ុន  Techcombank មានទ្រព្យសម្បត្ដិ២,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

៤-លោក​ Nguyen Thi Phuong Thao ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet មានទ្រព្យសម្បត្ដិ ២,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។

៥-លោក​ Nguyen Dang Quang ម្ចាស់ក្រុមហ៊ុន Massan មានទ្រព្យសម្បត្ដិ ២,២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

៦-លោក​ Tran Ba Duong ម្ចាស់ក្រុមហ៊ុន Thaco និង សមាជិកគ្រួសាររបស់គាត់ មានទ្រព្យសម្បត្ដិ ១,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក៕