រដ្ឋធានីហាណូយ៖ រហូតមកដល់ពេលនេះ សាកលវិទ្យាល័យជាច្រើន នៅក្នុងប្រទេស​វៀតណាម បានតម្រូវឲ្យមានការធ្វើតេស្ដ IELTS (ប្រព័ន្ធធ្វើតេស្ដភាសាអង់គ្លេសអន្ដរជាតិ) និង ការធ្វើតេស្ដតាមលក្ខណៈអន្ដរជាតិដទៃទៀត មុននឹងអនុញ្ញាតឲ្យចូលរៀន ហើយសកម្មភាពបែបនេះ ក៏ជាការពង្រឹងនូវគុណភាព នៅក្នុងប្រព័ន្ធសិក្សាធិការជាតិ នៃប្រទេសអាស៊ានមួយនេះដែរ។

បើតាមសារព័ត៌មានវៀតណាម Vietnam Net បានចេញផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា វាពិតជាពិបាកខ្លាំងណាស់ សម្រាប់ការទទួលបានវិញ្ញាបនបត្រ IELTS ឈានដល់តំបន់ជនបទ​ ដោយសារគ្រួសារជាច្រើន កំពុងបញ្ជូនកូនៗរបស់ពួកគេ ទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរៀនវគ្គ IELTS ។ ​ជាមួយគ្នានេះដែរ ឪពុកម្ដាយជាច្រើន ​មើលឃើញថា ILETS ជាលិខិតឆ្លងដែន ដើម្បីចូលរៀន នៅក្នុងសាកលវិទ្យាល័យល្បីៗ នៅក្នុងប្រទេសវៀតណាម។​

នៅតាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេសវៀតណាម ការប្រើប្រាស់ IELTS ឬវិញ្ញាបនបត្រអន្តរជាតិផ្សេងទៀត ដូចជា SAT ឬ TOEFL ​ក៏ជាលក្ខណៈវិនិច្ឆ័យអាទិភាពមួយសម្រាប់ការចូលរៀន។ ​សកម្មភាពបែបនេះ ក៏ជាការបង្ហាញពីបំណងប្រាថ្នា នៅក្នុងការរួមបញ្ចូលជាមួយការអប់រំកម្រិតខ្ពស់ នៅក្នុងប្រទេសអភិវឌ្ឍន៍​ ឬប្រទេសរីកចម្រើន​។​ នៅជួរមុខ នៃនិន្នាការនេះ ​សាកលវិទ្យាល័យជាតិវៀតណាម នៅទីក្រុងហាណូយ ​ចង់ជ្រើសរើសនិស្សិត សម្រាប់កម្មវិធីបណ្តុះបណ្តាល ដោយប្រើភាសាអង់គ្លេស សម្រាប់ការបង្រៀន។​

សម្រាប់ឆ្នាំ២០២២នេះ សាលាសេដ្ឋកិច្ចឈានមុខគេ ចំនួន២ នៅក្នុងប្រទេសវៀតណាម រួមមាន សាកលវិទ្យាល័យពាណិជ្ជកម្មបរទេស​ និង សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ បានបន្ថែមវិធីសា​ស្ត្រចូលរៀនថ្មី មានដូចជា ​ការប្រឡងផ្សេងៗ និង តេស្ដ IELTS យ៉ាងហោចណាស់ទទួលបានពិន្ទុ ​៦,៥។ យោងតាមសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស (Foreign Trade University)​ ​នឹងអនុវត្ត ចំពោះកម្មវិធីកម្រិតខ្ពស់ និង កម្មវិធីដែលមានគុណភាពខ្ពស់ ត្រូវទាមទារឲ្យមានជំនាញភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញ។​​

លោកសាស្រ្ដាចារ្យបណ្ឌិត Nguyen Huu Tu សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ដហាណូយ បានបញ្ជាក់ថា ដោយសារតែសាលាពេទ្យមានតែមួយគត់ នៅក្នុងប្រទេសវៀតណាម  ដែលផ្តល់កម្មវិធីកម្រិតខ្ពស់ផ្នែកគិលានុបដ្ឋាក (សិក្សាជាភាសាអង់គ្លេស) បាន​ចាប់ផ្តើម កាលពី១០​ឆ្នាំមុន ដោយមាននិស្សិតជិតពាក់កណ្តាល បានបញ្ចប់ការសិក្សារបស់ខ្លួន។ ឥឡូវនេះ និស្សិត ដែលបានចេញពីសាលានេះ កំពុងតែធ្វើការ នៅតាមមន្ទីរពេទ្យធំៗជាច្រើន នៅក្នុងប្រទេសអាល្លឺម៉ង់។ ​ជាមួយគ្នានេះ សាកលវិទ្យាល័យនេះ សង្ឃឹមថា នឹងមានកម្មវិធីបណ្ដុះបណ្ដាលតាមលក្ខណៈអន្តរជាតិ និង វិធីសាស្រ្ដចុះឈ្មោះចូលរៀនថ្មីជាច្រើន សម្រាប់​ទាក់ទាញសិស្សពូកែជាមួយជំនាញភាសាបរទេស​៕