រដ្ឋធានីព្យុងយ៉ាង៖ ​ក្រោយការបាញ់សាកល្បងមីស៊ីល រយៈពេលមួយថ្ងៃ ទើបរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចេញ​មកអះអាងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង តែមិនមែនជាមីស៊ីលបាលីស្ទិកនោះឡើយ។

បើតាមសារព័ត៌មាន CNN បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ថា កូរ៉េខាងជើង បានចេញមុខមកអះអាង​ថា ការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃពុធ ទី៥ ខែម​ករា ​ជាប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេង។  ​ការសាកល្បងមីស៊ីលនេះ ទទួលបានជោគជ័យ ដោយវាបានវាយប្រហារ ចំគោលដៅ​យ៉ាងល្អបំផុត។​

បើតាមទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ KCNA បានចេញផ្សាយថា «កូរ៉េខាងជើង កាលពីព្រឹក ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ​​បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡងប្រកបដោយជោគជ័យ។ មីស៊ីលនោះ បានហោះទៅចំគោលដៅ ដែលបានកំណត់យ៉ាងល្អបំផុត។ សកម្មភាពនាពេលនេះ ក៏ជាការបង្ហាញនូវការធ្វើយោធូបនីយកម្ម តាមអ្វីដែលលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានសម្រេចចិត្តនោះដែរ»។

​អង្គការសហប្រជាជាតិ បានដាក់បម្រាមដល់ប្រទេសកូរ៉េខាងជើង នៅក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិក និងមីស៊ីលមានល្បឿនលឿនជាងសំឡេង។ ​ប៉ុន្ដែបើទោះជាត្រូវរងនូវទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីអន្ដរជាតិក្ដី ប្រទេសមានអាវុធនុយក្លេអ៊ែរឯកោ​នេះ នៅតែបន្ដបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងបន្ថែមទៀត។ ចំណែក​សកម្មភាពបាញ់សាកល្បងមីស៊ីលទាំងនេះ ត្រូវចាប់រូបភាពបាន ដោយប្រទេសកូរ៉េខាងត្បូង និង ជប៉ុន។ កូរ៉េខាងជើង បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង លើកទីមួយ នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។​

មីស៊ីលមានល្បឿនលឿនជាងសំឡេងនេះ អាចហោះទៅកាន់គោលដៅ នៅក្នុងរយៈកម្ពស់ទាប  ហើយវាមានល្បឿនលឿនជាងសំឡេង រហូតដល់៥ដង  ហើយវាអាចរត់ក្នុង​ចម្ងាយ ៦ ២០០គីឡូម៉ែត្រ ក្នុងមួយ១ម៉ោង។ មីស៊ីលមានល្បឿនលឿនជាងសំឡេងនេះ មិនដូចជាមីស៊ីលបាលីស្ទិក ​ដែលអាចហោះទៅក្នុងលំហអាកាស មុនពេលវាហោះសំដៅទៅកាន់​គោលដៅ។​​

​រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារទណ្ឌកម្មពីអន្ដរជាតិ ជុំវិញការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ, គ្រោះទឹកជំនន់បំផ្លាញកសិផល និង ការបិទខ្ទប់ព្រំដែនជាមួយចិន ដើម្បីទប់ស្កាត់កូវីដ-១៩៕