បរទេស៖  រហូតមកដល់ពេលនេះ ស្ថានការណ៍ នៃការឆ្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរឡើង ដោយមានករណីឆ្លងថ្មី រហូតដល់ជិត២,៥លាននាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ហើយសហរដ្ឋអាមេរិក បារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និង បណ្ដាប្រទេសផ្សេៗទៀត ជាពិសេស នៅតំបន់អឺរ៉ុប កាន់តែឆ្លងខ្លាំងបំផុត។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ បន្ដកើនឡើងដល់ ២ ៤៥០ ៥៥២នាក់ និង មានករណីស្លាប់ថ្មី ៧ ០៧៩នាក់។ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ២៩៨,០៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ជាង៥,៤៨លាននាក់ និង មានអ្នកជាសះស្បើយជាង២៥៦,៧៤លាននាក់។​

សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩ខ្លាំងជាងបណ្ដាប្រទេសនានា នៅលើពិភពលោក រកឃើញករណីថ្មី កើនដល់ ៦២៤ ៥៦០នាក់ និង មានករណីស្លាប់ថ្មី ១ ៧៣២នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៥៨,៧២លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៨៥៣ ៥២២នាក់ និង មានអ្នកជាសះស្បើយជាង ៤១,៩៩លាននាក់។ ចំណែកអ្នកជំងឺជាង១៥,៨៧លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២០ ៧៧៣នាក់។

អង់គ្លេស ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩លំដាប់លេខ៤ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ១៩៤ ៧៤៧នាក់ និង មានករណីស្លាប់ថ្មី ៣៤៣នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង១៣, ៨៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៤៩ ២៨៤នាក់ និង មានអ្នកជាសះស្បើយ ជាង ១០,៥៦លាននាក់។​

បារាំង ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩លំដាប់ទី៥ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ៣៣២ ២៥២​​នាក់ និង មានករណីស្លាប់ថ្មី ២៤៦នាក់។ បារាំង មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង១០,៩២លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់១២៤ ៨០៩នាក់ និង មានអ្នកជាសះស្បើយ ជាង៨,៣៣លាននាក់។​

ដោយឡែក ចិនជាប្រទេសដើមកំណើត នៃការផ្ទុះកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៩១នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិន ជាប្រទេសរងគ្រោះដោយកូវីដ-១៩ លំដាប់លេខ១១៤ នៅលើពិភពលោក មានអ្នកឆ្លងសរុប ១០២ ៩៣២នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩៥ ០០៥នាក់។ ចំណែកអ្នកជំងឺ ៣ ២៩១នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕​