ខេត្តកណ្តាល ៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១  ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោករស់ ផុនចាន់និមល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី អតីតស្នងការរងនគរបាលខេត្តកណ្តាល ក្រោយមកប្តូរទៅក្រសួងមហាផ្ទៃ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ០៦ខែ។

 

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ លោក រស់ ផុនចាន់និមល ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល ដែលចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់ ទីកន្លែងកំណើតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និង ទីលំនៅបច្ចុប្បន្ននៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ឪពុកឈ្មោះ ស្រេង ស្រី (ស) ម្តាយឈ្មោះ ឆាយ សាមលី (រ) ប្រពន្ធឈ្មោះ សាផន សុម៉ូរីសង្វារ (រ) មានកូន ០២នាក់ ទោសពីមុន គ្មាន ។

តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង  សុខា - The Cambodia Daily Khmer

ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ០៦ខែ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់ កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល ។

 ដោយឡែកផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល  កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានសូមបញ្ជាក់ថា តាមរយៈការិយាល័យរដ្ឋបាល បានទទួលដីកាពីសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទីរសៀល។ អនុវត្តតាមចំណារ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រគល់ភារកិច្ចជូនផែនការងារនគរបាលព្រហ្មទណ្ឌមុខការ។ បន្ទាប់មកផែនការងារនគរបាលព្រហ្មទណ្ឌ ប្រគល់ភារកិច្ចជូនការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់មុខការ។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងស្រាវជ្រាវអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនខាងលើតាមនីតិវិធី។

ជុំវិញនឹងករណីខាងលើនេះ «KBN» នៅមិនទាន់សុំការបកស្រាយពីលោកស្រេង សុខា ហៅ ទ្រី បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ជានិច្ច៕