រដ្ឋធានី Nur-Sultan ៖ ប្រធានាធិបតី នៃប្រទេសកាហ្សាក់ស្ថាន បានប្រកាសរំលាយគណៈរដ្ឋមន្រ្ដីរបស់លោក ហើយប្រកាសដាក់​ទីក្រុងធំ និងតំបន់សម្បូរប្រេង នាភាគខាងលិច​ប្រទេសនេះក្នុងគ្រាអាសន្ន  ក្រោយពេលមានមហាបាតុកម្ម បានផ្ទុះឡើង ជុំវិញតម្លៃ​ប្រេង​ឡើងថ្លៃ។

​សារព័ត៌មាន Al Jazeera  បានចេញផ្សាយ​ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថា លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានបញ្ជាក់ កាលពីព្រឹក ថ្ងៃចន្ទ ទី៥ ខែមករា ថា លោកបានទទួលស្គាល់នូវការរំលាយគណៈរដ្ឋមន្រ្ដី ដែលដឹកនាំដោយលោក​ Askar Mamin នាយករដ្ឋមន្រ្ដី និង បញ្ជាដល់គណៈរដ្ឋមន្រ្ដីបណ្ដោះអាសន្ន ដើម្បី​​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​ការ​ត្រួតពិនិត្យ​តម្លៃ​​ឧស្ម័ន​ (LPG) ។​​

ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ក៏បានបញ្ជាឲ្យគណៈរដ្ឋមន្ដ្រីស្ដីទី ពង្រីកការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និង ទំនិញ​ប្រើប្រាស់ចាំបាច់ក្នុងសង្គម​ផ្សេងៗទៀត។​ សកម្មភាព​នេះបានធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅក្នុងទីក្រុង Almaty ពេញមួយយប់រវាងប៉ូលិស និង បាតុកររាប់ពាន់នាក់ ដែលបានអំពាវនាវដល់រដ្ឋាភិបាលឲ្យចុះចេញពីតំណែង។​ ចំណែកប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រាប់បែកផ្សែង ដើម្បីបញ្ឈប់ហ្វូងបាតុករ សម្រុកមកកាន់ការិយាល័យប៉ូលិសក្រុង៕​