រាជធានីបាងកក៖ ​តាមរយៈអង្គការសុខភាពពិភពលោក ក៏ដូចជា មន្រ្ដីជំនាញសុខាភិបាលនានា បានអះអាង ពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) នឹងមិនធ្វើឲ្យអ្នកឆ្លង ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ  ហើយមនុស្សជាតិទូទៅ នៅតែមិនច្បាស់ ពីមូលហេតុរបស់វា ទើបកំពូលអ្នកជំនាញវីរុសជនជាតិថៃ បានចេញមកពន្យល់ អំពីករណីនេះ។

​សារព័ត៌មាន The Nation បានចេញផ្សាយ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថា លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) បានពន្យល់ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃពុធ ទី៥ ខែមករា អំពីមូលហេតុវីរុសអូមីក្រុង ទំនងជាកាត់បន្ថយនូវរោគសញ្ញាធ្ងន់ធ្ងរ។ កត្ដាដែលធ្វើឲ្យការឆ្លងអូមីក្រុង មិនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ មានមូលហេតុ៥យ៉ាង រួមមាន៖

១-ចំនួនឆ្លងលើកុមារ​បានកើនឡើង។ ភាគច្រើន នៃកុមារដែលបានឆ្លងវីរុសអូមីក្រុង មានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញា។ ភាពធ្ងន់ធ្ងរ នៃជំងឺ នឹងកើនឡើងទៅតាមអាយុរបស់អ្នកជំងឺ។

២-មនុស្សពេញវ័យ និងមនុស្សចាស់ ភាគច្រើន បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។

៣-វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) ​ មានរោគសញ្ញាស្រាលជាងវីរុស Delta ហើយ​នេះផ្អែកលើការស្រាវជ្រាវយ៉ាងពិសេស នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

៤-ការស្រាវជ្រាវនោះ ក៏បានបង្ហាញផងដែរថា Omicron ជាទូទៅរកឃើញ នៅផ្នែកខាងលើច្រើនជាង នៅក្នុងសួត។

៥-​យោងតាមទ្រឹស្ដីរបស់ Charles Darwin ភាវៈរស់នឹងសម្របខ្លួន ដើម្បីរស់។ មេរោគនឹងសម្របខ្លួន ប៉ុន្តែអ្នកជំងឺនឹងបង្កើតភាពស៊ាំ។ មេរោគនឹងមិនបង្កការខូចខាតច្រើនពេកទេ បើ ទោះជាវាអាចរស់នៅបានក៏ដោយ។​

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជំងឺរាតត្បាតច្រើនតែមានសភាពធ្ងន់ធ្ងរពីដំបូង  ប៉ុន្ដែក្រោយមកវាបានក្លាយទៅជាជំងឺឆ្លង។​​ ដោយឡែក នៅលើពិភពលោក ចំនួនអ្នកឆ្លងបានកើនឡើង រហូតដល់ជាង១លាននាក់ ក្នុងរយៈពេលមួយថ្ងៃ ខណៈអត្រាស្លាប់​បានថយចុះយ៉ាងខ្លាំង បើធៀបនឹងរយៈពេលកន្លងមក។ រីឯ​អ្នកជំងឺ ភាគច្រើនមិនមានរោគសញ្ញា ហើយក៏ប្រហែលជាមិនចាំបាច់​ធ្វើតេស្តបន្ដទៀតក៏ថាបានដែរ​។​

លោកវេជ្ជបណ្ឌិត Yong Poovorawan​ ​បានប៉ាន់ប្រមាណថា ចំនួនអ្នកជំងឺ អាចនឹងមានច្រើនជាងអ្វីដែលអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ ហើយជំងឺនេះក៏​មិនសូវមានរោគសញ្ញាធ្ងន់ធ្ងរ បន្ទាប់ពីមនុស្សទទួលបានភាពស៊ាំ ពីការឆ្លង ឬការចាក់វ៉ាក់សាំងរួចរាល់ហើយ។​ WHO នឹងឈប់រាប់ចំនួនអ្នកជំងឺ ហើយមានតែអ្នកជំងឺដែលមានរោគសញ្ញាប៉ុណ្ណោះដែលនឹងត្រូវធ្វើតេស្ត ដោយសារការធ្វើតេស្ត RT-PCR មានតម្លៃខ្ពស់ណាស់​៕